តម្លៃប្រេងកើនឡើង ខណៈការបរាជ័យ នៃការចរចារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក បង្កើនការព្រួយបារម្ភអំពីការផ្គត់ផ្គង់
បរទេស៖ តម្លៃប្រេងបានកើនឡើងនៅថ្ងៃពុធ ដោយសារក្តីបារម្ភថា ការបែកបាក់នៃការពិភាក្សារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក សម្រាប់កិច្ចព្រមព្រៀងចុងក្រោយ ដើម្បីបញ្ចប់សង្គ្រាម អាចពង្រីកការរំខានដល់ការផ្គត់ផ្គង់ នៅក្នុងតំបន់ផលិតប្រេង ដ៏សំខាន់នៅមជ្ឈិមបូព៌ា។
យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ថា ប្រេងឆៅប្រភេទ Brent បានកើនឡើង 33 សេន ឬ 0.45% ដល់ 73.28 ដុល្លារក្នុងមួយបារ៉ែល ខណៈដែលប្រេងឆៅប្រភេទ West Texas Intermediate (WTI) របស់សហរដ្ឋអាមេរិក បានកើនឡើង 34 សេន ឬ 0.49% ដល់ 69.84 ដុល្លារក្នុងមួយបារ៉ែល។
លោកស្រី Vandana Hari ស្ថាបនិកក្រុមហ៊ុនវិភាគទីផ្សារប្រេង Vanda Insights បាននិយាយថា “ច្រកសមុទ្រ Hormuz នៅតែបន្តបើកដំណើរការឡើងវិញ ប៉ុន្តែវាមិនច្បាស់លាស់ មិនអាចទាយទុកជាមុនបាន និងមិនមានតម្លាភាពពេញលេញ… លុះត្រាតែមានការយោគយល់គ្នាថ្មីរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេអេរ៉ង់ ទីផ្សារអាចនឹងរង់ចាំ និងមើលសន្តិភាព និងភាពស្ងប់ស្ងាត់ជាបន្តបន្ទាប់ មុនពេលប្រេងឆៅបន្តសន្ទុះធ្លាក់ចុះ”។
ចំណែក លោក Jared Kushner កូនប្រសាររបស់ប្រធានាធិបតីអាមេរិក លោក Donald Trump និងលោក Steve Witkoff បេសកជនបានមកដល់ទីក្រុង Doha សម្រាប់អ្វីដែលសេតវិមានបានពិពណ៌នាថាជាកិច្ចចរចា «កម្រិតខ្ពស់» នៅថ្ងៃអង្គារ ប៉ុន្តែអ៊ីរ៉ង់ និងប្រទេសកាតាដែលជាម្ចាស់ផ្ទះបាននិយាយថា ពួកគេនឹងជួបជាមួយអ្នកសម្របសម្រួល ជាជាងជួបជាមួយអ៊ីរ៉ង់ខ្លួនឯង។
ប្រែសម្រួលៈ ណៃ តុលា
