ប្រភពព័ត៌មាន : រុស្ស៊ីបានអនុម័ត ការបណ្តុះបណ្តាលយោធា សម្ងាត់របស់ចិននៅកម្រិតខ្ពស់
បរទេស: ការហ្វឹកហ្វឺនយោធាសម្ងាត់របស់ចិនចំពោះកងកម្លាំងរុស្ស៊ីកាលពីឆ្នាំមុន ត្រូវបានអនុម័តដោយផ្ទាល់ដោយរដ្ឋមន្ត្រីការពារជាតិរបស់ប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន ហើយមានការចូលរួមដោយផ្ទាល់ពីឧត្តមសេនីយ៍រុស្ស៊ី និងចិនយ៉ាងហោចណាស់បួននាក់, នេះបើយោងតាមមន្ត្រីអឺរ៉ុបពីររូប និងឯកសារដែល Reuters បានឃើញ។
យោងតាមសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ បានឲ្យដឹងថា មន្ត្រីទាំងនោះបាននិយាយថា ការចូលរួមរបស់បុគ្គល ជាន់ខ្ពស់បែបនេះក្នុងការហ្វឹកហ្វឺន ដែលជាប់ទាក់ទងនឹងសង្គ្រាមអ៊ុយក្រែន បានបង្ហាញពីសារៈសំខាន់សម្រាប់រុស្ស៊ី និងចិន នៃកិច្ចសហប្រតិបត្តិការបែបនេះ ដែលបានបង្កឱ្យមានការភ្ញាក់ផ្អើលនៅអឺរ៉ុប ទោះបីជាទីក្រុងប៉េកាំងបានបដិសេធថា វាបានកើតឡើងក៏ដោយ។
ឯកសារសម្ងាត់របស់រុស្ស៊ីដែល Reuters បានឃើញ បានយោងដោយផ្ទាល់ទៅលើក្រឹត្យផ្ទៃក្នុងដែលចេញដោយរដ្ឋមន្ត្រីការពារជាតិ រុស្ស៊ី Andrei Belousov ក្នុងខែសីហា ឆ្នាំ២០២៥។
វាបាននិយាយថា ស្របតាមការសម្រេច ចិត្ត របស់លោក Belousov គណៈប្រតិភូមួយក្រុមមកពីកងកម្លាំង ប្រដាប់អាវុធរបស់រុស្ស៊ីបានធ្វើដំណើរ ទៅកាន់ប្រទេសចិន ដើម្បីចូលរួមក្នុងសមយុទ្ធហ្វឹកហ្វឺននៅឯមូលដ្ឋានកងទ័ពរំដោះប្រជាជន (PLA)។
របាយការណ៍ដដែលនេះបានរៀបរាប់លម្អិតអំពីវគ្គបណ្តុះបណ្តាលមួយ – វគ្គបណ្តុះបណ្តាលរយៈពេលបីសប្តាហ៍ដែលផ្តោតលើការការពារវិទ្យុសកម្ម គីមី និងជីវសាស្រ្តនៅឯមូលដ្ឋានយោធាមួយក្នុងទីក្រុងប៉េកាំងកាលពីខែវិច្ឆិកា។
របាយការណ៍ និងរបាយការណ៍ទីពីរបានពិពណ៌នា និងបង្ហាញរូបភាពនៃទាហានរុស្ស៊ីដែលកំពុងត្រូវបានបង្រៀនដោយគ្រូបង្ហាត់ជនជាតិចិន កំពុងសម្លឹងមើលគំរូរ៉េអាក់ទ័រនុយក្លេអ៊ែរមួយ និងកំពុងត្រូវបានបង្រៀនអំពី “ការឈ្លបយកការណ៍គីមី” “ការឈ្លបយកការណ៍វិទ្យុសកម្ម” និងការការពារប្រព័ន្ធខ្យល់ចេញចូលពីការបំពុល។
ប្រែសម្រួល: ណៃ តុលា
