អាហ្វហ្គានីស្ថាន រឹបអូសគ្រឿងញៀនខុសច្បាប់ជាង ១ តោន និងឃុំខ្លួនជនរត់ពន្ធ ៨៥ នាក់នៅភាគខាងជើងប្រទេស
កាប៊ុល៖ អ្នកនាំពាក្យនគរបាលខេត្ត លោក Nizamudin Omir បានឲ្យដឹងថា នគរបាលបានរឹបអូសគ្រឿងញៀនខុសច្បាប់ជាងមួយតោននៅក្នុងខេត្ត Takhar ភាគខាងជើងប្រទេសអាហ្វហ្គានីស្ថាន ក្នុងរយៈពេល ៣ខែកន្លងមកនេះ។
មន្ត្រីរូបនេះបានឲ្យដឹងថា គ្រឿងញៀនទាំងនោះ រួមមាន អាភៀន ៥៩០ គីឡូក្រាម ហាស៊ីស ២០២ គីឡូក្រាម មេតំហ្វេតាមីន ២០៥ គីឡូក្រាម ហេរ៉ូអ៊ីនជាច្រើនគីឡូក្រាម និងវត្ថុខុសច្បាប់ផ្សេងទៀតចំនួន ១៤៩ គីឡូក្រាមដែលប្រើសម្រាប់ផលិតគ្រឿងញៀន ត្រូវបានរកឃើញក្នុងអំឡុងពេលប្រតិបត្តិការជាបន្តបន្ទាប់នៅទូទាំងខេត្ត។
លោកបានបន្ថែមថា នគរបាលក៏បានចាប់ខ្លួនមនុស្ស ៨៥ នាក់ផងដែរ ដោយចោទប្រកាន់ពីបទពាក់ព័ន្ធនឹងការផលិត និងជួញដូរគ្រឿងញៀន។ លោកបានអះអាងថា ចម្ការអាភៀនជាង ៤.៣០០ ហិចតាត្រូវបានបំផ្លាញក្នុងអំឡុងពេលនេះ ដោយលោកបានអះអាងថា នគរបាលក៏បានចាប់ខ្លួនអ្នកញៀនគ្រឿងញៀនចំនួន ១៣២ នាក់ក្នុងរយៈពេលបីខែកន្លងមកនេះ ហើយបានបញ្ជូនពួកគេទៅកាន់មជ្ឈមណ្ឌលស្តារនីតិសម្បទានៅក្នុងខេត្ត Kunduz ដែលនៅជិតខាង។
លោកបានបន្ថែមថា នគរបាលនឹងមិនអនុញ្ញាតឱ្យនរណាម្នាក់ដាំដុះអាភៀន កែច្នៃ ឬជួញដូរវាទៀតឡើយ៕
ប្រែសម្រួល ឈូក បូរ៉ា
