ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិន អាចទទួលបានជោគជ័យ? ចម្លើយគឺស្ថិតនៅត្រង់ «ប្រជាជន»
អង្គភាពសេដ្ឋកិច្ចធំទីពីរលើពិភពលោក , បច្ចេកវិទ្យាជឿនលឿន , សម្បូរសប្បាយ , ស្រស់ស្អាត។ល។ នេះជាចំណាប់អារម្មណ៍របស់ពិភពលោកចំពោះប្រទេសចិនបច្ចុប្បន្ន។ យ៉ាងណាមិញ ទម្រាំទទួលបានសមិទ្ធផលដូចសព្វថ្ងៃ ប្រទេសចិនបានឆ្លងកាត់ដំណើរយ៉ាងលំបាកលំបិនក្នុងការកសាងជាតិចាប់ពីបាតដៃទទេបន្ទាប់ពីការបង្កើតសាធារណរដ្ឋប្រជាមានិតចិនក្រោមការដឹកនាំរបស់បក្សកុម្មុយនីស្តចិន។
ក្នុងនាមជាគណបក្សនយោបាយដ៏ធំបង្អស់លើពិភពលោក បក្សកុម្មុយនីស្តចិនបានឆ្លងកាត់ដំណើរតស៊ូប្រយុទ្ធដ៏អង់អាចអស្ចារ្យអស់រយៈពេល១០៥ ឆ្នាំមកហើយ ហើយក៏បានកាច់ចង្កូតនាវាប្រទេសចិនអស់រយៈពេល៧៧ ឆ្នាំផងដែរ។
បច្ចុប្បន្ន បក្សកុម្មុយនីស្តចិនបាននិងកំពុងដឹកនាំប្រជាជនចិនឱ្យឆ្ពោះទៅរកវិបុលភាពសម្រាប់ទាំងអស់គ្នាតាមរយៈការធ្វើទំនើបកម្មតាមបែបផែនចិន។
ពីដើមសតវត្សរ៍ដល់ពាក់កណ្តាលសតវត្សរ៍ទី២០ ប្រទេសចិនបានរងការញាំញីពីសង្គ្រាមឈ្លានពានរបស់បរទេសផងនិងសង្គ្រាមស៊ីវិលផង ដែលអាចនិយាយបានថា ការបង្កើតប្រទេសចិនថ្មីឬសាធារណរដ្ឋប្រជាមានិតចិនក្នុងឆ្នាំ១៩៤៩ ជាការចាប់ផ្តើមកសាងប្រទេសជាតិចាប់ពីបាតដៃទទេ។
ពិតមែនតែចិនជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានអរិយធម៌ចំណាស់បំផុតនៅបូព៌ាប្រទេសនិងធ្លាប់មានភាពត្រចះត្រចង់ខ្លាំងក្នុងប្រវត្តិសាស្ត្រក្តី ក៏ប៉ុន្តែនិយាយពីការអភិវឌ្ឍក្នុងសម័យទំនើបវិញ ប្រទេសចិនមានការចាប់ផ្តើមយឺតជាងបស្ចិមប្រទេសរហូតដល់រាប់សិបឆ្នាំ។
យ៉ាងណាមិញ ចិនបានប្រើពេលតែជាង៣០ ឆ្នាំប៉ុណ្ណោះបន្ទាប់ពីការដាក់ចេញគោលនយោបាយកំណែទម្រង់និងបើកទូលាយ ដោយបានវ៉ាដាច់ប្រទេសនានាបូករួមទាំងមហាអំណាចសេដ្ឋកិច្ចធំៗ ហើយដេញតាមពីក្រោយសហរដ្ឋអាមេរិកក្លាយជាអង្គភាពសេដ្ឋកិច្ចធំទី២ លើពិភពលោក ។ ពិសេសជាងនេះទៅទៀត ចិនបានប្រើពេលតែជាង៤០ ឆ្នាំប៉ុណ្ណោះ ពោលគឺនៅក្នុងឆ្នាំ២០២១ ប្រទេសចិនបានប្រកាសចំពោះពិភពលោកទាំងមូលថា ប្រជាជនដែលស្ថិតក្រោមខ្សែបន្ទាត់ក្រីក្រខ្លាំងបានចេញផុតពីភាពក្រីក្រខ្លាំងទាំងអស់ ដែលជាមហាព្រឹត្តិការណ៍ពុំធ្លាប់មានក្នុងប្រវត្តិសាស្ត្រចិននិងពិភពលោក។
ពីសមាជិកបក្សតែជាង៥០ នាក់កាលពីពេលទើបបង្កើតបក្ស រហូតដល់សមាជិកបក្សជាងមួយរយលាននាក់ក្នុងពេលបច្ចុប្បន្ន ការវិវឌ្ឍរីកចម្រើនរបស់បក្សកុម្មុយនីស្តចិនក្នុងរយៈពេល១០៥ ឆ្នាំកន្លងមកនេះ បានរំលេចពីអត្ថន័យនៃសុភាសិតខាងនយោបាយរបស់ចិនដែលពោលថា «ទទួលបានការគាំទ្រពីប្រជាជនទើបអាចគ្រប់គ្រងអំណាច»។ បក្សកុម្មុយនីស្តចិនបានដឹកនាំនិងរួមសាមគ្គីប្រជាជនគ្រប់ជនជាតិ យកឈ្នះសត្រូវឈ្លានពាន, ជម្នះភាពជាប់គាំងខាងកង្វះខាតធនធាន, ធ្វើកំណែទម្រង់និងបើកចំហ, កសាងកម្លាំងជាតិ, ពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ រហូតដល់ដើរតួនាទីជាយុថ្កានៃសន្តិភាពនិងសន្តិសុខសកល និងជាក្បាលម៉ាស៊ីននៃកំណើនសេដ្ឋកិច្ចពិភពលោក។
«អ្វីៗទទួលបានពីប្រជាជន អ្វីៗដើម្បីប្រជាជន អ្វីៗត្រូវពឹងផ្អែកលើប្រជាជន» នេះជាការគូសបញ្ជាក់របស់ថ្នាក់ដឹកនាំបក្សកុម្មុយនីស្តចិនគ្រប់ជំនាន់។
ក្នុងមហាដំណើរនៃការស្តារភាពរុងរឿងដ៏អស្ចារ្យរបស់ប្រជាជាតិចិនឡើងវិញ បក្សកុម្មុយនីស្តចិនបានដឹកនាំប្រជាជនគ្រប់ជនជាតិបោះជំហានយ៉ាងស្វាហាប់និងរឹងមាំ ដែលសម្រេចបាន«គោលដៅតស៊ូមួយសតវស្សរ៍»ទីមួយ ពោលគឺការកសាងសង្គមដែលប្រជាជនមានជីវភាពធូរធារបង្គួរដោយគ្រប់ជ្រុងជ្រោយក្នុងខណៈខួបមួយរយឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិន។
ដោយឡែកបច្ចុប្បន្ននេះ ចិនកំពុងឆ្ពោះទៅសម្រេច«គោលដៅតស៊ូមួយសតវស្សរ៍»ទីពីរ ដែលចែកជាពីដំណាក់កាល ពោលគឺដំណាក់កាលទីមួយសម្រេចបាននូវការកសាងប្រទេសចិនជាប្រទេសសង្គមនិយមទំនើបនៅឆ្នាំ២០៣៥ ហើយដំណាក់កាលទីពីរគឺក្នុងរង្វង់ឆ្នាំ២០៤៩ នឹងសម្រេចបាននូវការកសាងប្រទេសសង្គមនិយមដ៏ខ្លាំងក្លាដែលប្រកបដោយភាពសម្បូរសប្បាយ ប្រជាធិបតេយ្យ អរិយធម៌ សុខដុមរមនា និងស្រស់ស្អាត។
ពីចំណារ«បម្រើប្រជាជន»របស់លោក ម៉ៅ សេទុង ដល់«គំនិតលោក ស៊ី ជីនភីង ស្តីពីសង្គមនិយមប្រកបដោយលក្ខណៈពិសេសចិនក្នុងយុគសម័យថ្មី» ចាប់ពីការបង្កើតបក្សរហូតដល់បច្ចុប្បន្ន បក្សកុម្មុយនីស្តចិនបានប្រកាន់ខ្ជាប់នូវកម្មវត្ថុរបស់ខ្លួនគឺ«ប្រជាជនជាអាទិភាពបំផុត» ពោលគឺធ្វើនយោបាយដើម្បីបម្រើផលប្រយោជន៍ប្រជាជន។ បើគេសួរថា ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចទទួលបានជោគជ័យដ៏ត្រចះត្រចង់ដូចសព្វថ្ងៃ និងក្លាយជាគំរូនៃប្រទេសសង្គមនិយម? ចម្លើយគឺស្ថិតនៅត្រង់«ប្រជាជន» ដូចប្រសាសន៍របស់លោក ស៊ី ជីនភីង អគ្គលេខាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនដែលលើកឡើងថា «ប្រជាជនផ្តល់តួនាទីឱ្យខ្ញុំ ខ្ញុំត្រូវទុកប្រជាជនក្នុងឋានៈខ្ពស់បំផុតក្នុងដួងចិត្តរបស់ខ្ញុំ»។
ផ្អែកលើភាពជោគជ័យរបស់ប្រទេសចិនក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់បក្សកុម្មុយនីស្តចិន គេអាចយល់ដឹងយ៉ាងច្បាស់ថា បក្សកុម្មុយនីស្តចិនដែលមានអាយុកាលជាងមួយរយឆ្នាំហើយនៅតែ«មិនប្រែធាតុ មិនប្រែពណ៌ មិនប្រែចរិតលក្ខណៈ» ប្រាកដជាអាចកសាងប្រទេសចិនទំនើបនិងខ្លាំងក្លា និងរួមចំណែកកាន់តែសំខាន់សម្រាប់វិបុលភាពនិងការអភិវឌ្ឍរួមរបស់ពិភពលោកជាក់ជាមិនខាន៕
អត្ថបទដោយ ៖ លោក តាំង ស៊ីឡេង , បុគ្គលិកវិទ្យុមិត្តភាពកម្ពុជា-ចិន
