មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ
ព្រឹកថ្ងៃទី១ ខែកក្កដា មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនបានប្រារព្ធឡើងយ៉ាងមហោឡារិកនៅនៅវិមានសភាប្រជាជននៅក្រុងប៉េកាំង។

លោក Xi Jinping អគ្គលេខាធិការនៃគណៈកមា្មធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិននិងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិន បានអញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូនអ្នកដែលទទួលបាន “មេដាយ ១ កក្កដា” ព្រមទាំងថ្លែងសុន្ទរកថាគន្លឹះ។
លោក Xi Jinping បានតាងនាមគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន សម្តែងការសួរសុខទុក្ខចំពោះសមាជិកបក្សគ្រប់រូប !
លោកថ្លែងថា រយៈពេល ១០៥ ឆ្នាំគណបក្សកុម្មុយនីស្តចិនបានប្រកាន់ខ្ជាប់នូវបេសកកម្ម និងគោលបំណងដើមរបស់ខ្លួនដែលស្វែងរកសុភមង្គលសម្រាប់ប្រជាជនចិននិងការស្តាភាពរុងរឿងរបស់ប្រជាជាតិចិនឡើវិញដែលជាសមិទ្ធផលដ៏អស្ចារ្យបំផុតនៅក្នុងប្រវត្តិសាស្ត្រចិនរាប់ពាន់ឆ្នាំ ។ ការតស៊ូឥតឈប់ឈររយៈពេល ១០៥ ឆ្នាំបានកែប្រែអនាគតនិងជោគវាសនារបស់ប្រជាជនចិនពីប្វសគល់ ។ ការតស៊ូឥតឈប់ឈររយៈពេល ១០៥ ឆ្នាំ បានត្រួសត្រាយផ្លូវដ៏ត្រឹមត្រូវសម្រាប់ឆ្ពោះទៅការសម្រេចបាននូវការស្តារភាពរុងរឿងដ៏អស្ចារ្យរបស់ប្រជាជាតិចិនឡើងវិញ ។ ការតស៊ូឥតឈប់ឈររយៈពេល ១០៥ ឆ្នាំបានបង្ហាញពីកម្លាំងជីវិតដ៏ខ្លាំងក្លារបស់លទ្ធិម៉ាក្ស ។ ការតស៊ូឥតឈប់ឈររយៈពេល ១០៥ ឆ្នាំបានជះឥទ្ធិពលយ៉ាងជ្រាលជ្រៅចំពោះការវិវត្តនៃប្រវត្តិសាស្ត្រពិភពលោក និងបានបង្កើតបក្សកុម្មុយនីស្តចិនដ៏មានឥទ្ធិពលមួយ ។
លោកបានថ្លែងថា មូលហេតុដែលបក្សកុម្មុយនីស្តចិនអាចសម្រេចបាននូវសមិទ្ធផលដ៏អស្ចារ្យជាបន្តបន្ទាប់ក្នុងដំណើរតស៊ូព្យាយាមរយៈពេល ១០៥ ឆ្នាំ និងមូលហេតុដែលប្រវត្តិសាស្ត្រ និងប្រជាជនបានជ្រើសរើសយកបក្សកុម្មុយនីស្តចិន គឺស្ថិតនៅត្រង់ចរិតលក្ខណៈដ៏ឆ្នើមរបស់បក្សកុម្មុយនីស្តចិនដែលគណបក្សនយោបាយនិងកម្លាំងនយោបាយដទៃទៀតមិនអាចប្រៀបផ្ទឹមបាន ពោលគឺការស្វែងរកសច្ចភាពជាដរាប និងចាក់ឫសយ៉ាងជ្រៅក្នុងចំណោមប្រជាជន មានទំនួលខុសត្រូវជាប្រវត្តិសាស្ត្រ សម្របខ្លួនទៅតាមនិន្នាការនៃការអភិវឌ្ឍ ហ៊ាននិងប្រសប់ធ្វើការតស៊ូប្រយុទ្ធ និងផ្តោតលើការពង្រឹងសមត្ថភាពខ្លួនឯង។
លោក Xi Jinping បានលើកឡើងថា យើងត្រូវផ្សព្វផ្សាយចរិតលក្ខណៈដ៏ឆ្នើមរបស់បក្សជាបន្តបន្ទាប់ដោយបន្ស៊ីគ្នាជាមួយសភាពការណ៍ថ្មីយ៉ាងជាក់ស្តែង ពង្រឹងជំនឿងចិត្តនិងបន្តធ្វើកិច្ចខិតខំប្រឹងប្រែង ដើម្បីកសាងសមិទ្ធផលថ្មីៗឥតឈប់ឈរស្របតាមយុគសម័យ និងមិនធ្វើឱ្យប្រជាជនខកបំណង។
លោក Xi Jinping បានថ្លែងថា ប្រជាជនជាអ្នកបង្កើតប្រវត្តិសាស្រ្ត និងជាវីរជនដ៏ពិតប្រាកដ។ នៅទីនេះ ខ្ញុំសូមតាងនាមមជ្ឈិមបក្សសម្តែងការគោរពដ៏ខ្ពង់ខ្ពស់ចំពោះប្រជាជនទូទាំងប្រទេសនិងឥស្សរជនគ្រប់មជ្ឈដ្ឋានដែកំពុងបំពេញភារកិច្ចនៅគ្រប់ទីកន្លែង! សូមសម្តែងការសួរសុខទុក្ខយ៉ាងស្មោះចំពោះជនរួមជាតិនៃតំបន់រដ្ឋបាលពិសេសហុងកុង ជនរួមជាតិនៃតំបន់រដ្ឋបាលពិសេសម៉ាកាវ ជនរួមជាតិតំបន់តៃវ៉ាន់ និងជនរួមជាតិនៅឯនាយសមុទ្រ! សូមថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះប្រជាជននិងមិត្តភក្តិនៃបណ្តាប្រទេសនានាដែលបានរួមរស់នៅដោយមេត្រីភាពជាមួយប្រជាជនចិន យកចិត្តទុកដាក់និងគាំទ្រដល់បុព្វហេតុបដិវត្តន៍ បុព្វហេតុកសាង និងបុព្វហេតុកំណែទម្រង់របស់ប្រទេសចិន!
លោកបានលើកឡើងថា ការដោះស្រាយបញ្ហាតៃវ៉ាន់ សម្រេចបាននូវការបង្រួបបង្រួមមាតុប្រទេសទាំងស្រុងជាភារកិច្ចប្រវត្តិសាស្ត្រមិនងាករេរបស់បក្ស និងជាក្តីប្រាថ្នារួមរបស់កុលបត្រកុលធីតាចិន។ យើងគួរអនុវត្តយុទ្ធសាស្ត្រទូទៅរបស់បក្សស្តីពីការដោះស្រាយបញ្ហាតៃវ៉ាន់ក្នុងយុគសម័យថ្មី ប្រកាន់ខ្ជាប់គោលការណ៍ចិនមួយនិង« គំនិតឯកភាពឆ្នាំ១៩៩២» រួមសាមគ្គីជាមួយជនរួមជាតិតៃវ៉ាន់ ពង្រីកការផ្លាស់ប្តូរ កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍដោយបន្ស៊ីគ្នារវាងត្រើយទាំងសងខាងនៃច្រកសមុទ្រតៃវ៉ាន់ឱ្យកាន់តែស៊ីជម្រៅ បង្ក្រាបយ៉ាងម៉ឺងម៉ាត់ចំពោះពួកអបគមន៍ដែលចង់បំបែកឱ្យតៃវ៉ាន់ឯករាជ្យ និងប្រឆាំងការជ្រៀតជ្រែកពីកម្លាំងខាងក្រៅ ដើម្បីជំរុញបុព្វហេតុបង្រួមមាតុប្រទេស។
លោក Xi Jinping បានបន្តថា ប្រទេសខ្លាំងចាំបាច់ត្រូវពង្រឹងកងទ័ពឱ្យខ្លាំង កងទ័ពខ្លាំងទើបប្រទេសជាតិមានសន្តិសុខ។
ក្នុងដំណើរថ្មី ចាំបាច់ត្រូវបន្តពង្រឹកមាគ៌ាកសាងកងទ័ពឱ្យខ្លាំងក្លាតាមលក្ខណៈពិសេសចិន ជំរុញឱ្យការការពារជាតិនិងការធ្វើទំនើបកម្មកងទ័ពអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ ដើម្បីសម្រេចគោលដៅតស៊ូមួយរយឆ្នាំនៃការបង្កើតកងទ័ពរំដោះប្រជាជនចិនតាមពេលកំណត់ ,ត្រូវពន្លឿនការកសាងកងទ័ពចិនឱ្យក្លាយជាកងកម្លាំងឈានមុខលើពិភពលោក ដែលអាចគាំពារយ៉ាងមឺងម៉ាត់ចំពោះអធិបតេយ្យភាពទឹកដី សន្តិសុខជាតិ និងផលប្រយោជន៍នៃការអភិវឌ្ឍជាតិ ដើម្បីរួមចំណែកកាន់តែច្រើនក្នុងការគាំពារសន្តិភាពនិងវឌ្ឍនភាពនៃពិភពលោក។
គួរបញ្ជាក់ថា «មេដាយ ១ កក្កដា» គឺជាការផ្តល់កិត្តិយសខ្ពស់បំផុតនៅក្នុងបក្សកុម្មុយនីស្តចិន។ ពិធីបំពាក់គ្រឿងឥស្សរិយយស«មេដាយ ១ កក្កដា»ត្រូវបានប្រារព្ធឡើងលើកដំបូងនៅឆ្នាំ២០២១ ខណៈពេលខួប ១០០ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិន ដែលមានសមាជិកបក្សចំនួន ២៩ រូប ទទួលបានមេដាយនេះ។
ឆ្នាំនេះគឺជាលើកទីពីរហើយដែលគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនសម្រេចចិត្តផ្តល់ «មេដាយ ១ ខែកក្កដា» ជូនដល់សមាជិកបក្សចំនួន ៨ រូប ដើម្បីកោតសរសើរពីការរួមចំណែកដ៏លេចធ្លោរបស់ពួកគេចំពោះបក្ស និងប្រជាជន ។ សមាជិកបក្សដែលទទួលបាន«មេដាយ ១ កក្កដា»លើកនេះ បូករួមទាំងទាហានជើងចាស់ ជនគំរូបម្រើការងារលុបបំបាត់ភាពក្រីក្រនិងអភិវឌ្ឍជនបទ គ្រូពេទ្យដែលបំពេញភារកិច្ចនៅតំបន់ព្រំដែន បុគ្គលិកធ្វើការនៅសហគមន៍ លេខាធិការបក្សប្រចាំភូមិ និងអ្នកជំនាញវិស្វកម្មជាដើម៕
