អ៊ីរ៉ង់ ប្រកាសពីការបញ្ចប់កិច្ចចរចាទីក្រុងដូហា ស្តីពីការអនុវត្ដ MOU រវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
តេអេរ៉ង់៖ អនុរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ ទទួលបន្ទុកផ្នែកច្បាប់ និងកិច្ចការអន្តរជាតិ លោក Kazem Gharibabadi បានប្រកាសពីការបញ្ចប់កិច្ចចរចានៅប្រទេសកាតា ស្តីពីការអនុវត្តអនុស្សរណៈនៃការយោគយល់គ្នាសន្តិភាព (MoU) រវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក។
ដោយដឹកនាំគណៈប្រតិភូមកពីក្រសួងការបរទេស ធនាគារកណ្តាល និងក្រសួងកសិកម្ម លោក Gharibabadi បានឧ្យដឹងថា ក្រុមអ៊ីរ៉ង់ បានជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីការបរទេសកាតា លោក Sheikh Mohammed bin Abdulrahman bin Jassim Al Thani ហើយបន្ទាប់មកបានចូលរួមកិច្ចប្រជុំពីរជាមួយគណៈប្រតិភូកាតា និងប៉ាគីស្ថាន នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានផ្លូវការ IRNA។
លោកបានលេីកឡេីងថា “កិច្ចប្រជុំលើកដំបូងនៃក្រុមត្រួតពិនិត្យ សម្រាប់ការអនុវត្តអនុស្សរណៈនៃការយោគយល់គ្នាក៏ត្រូវបានធ្វើឡើងដោយមានការចូលរួមពីអ្នកចរចាជាន់ខ្ពស់មកពីប្រទេសទាំង៣ ផងដែរ”។
ក្នុងអំឡុងពេលពិភាក្សា គណៈប្រតិភូអ៊ីរ៉ង់បានចង្អុលបង្ហាញ និងពិភាក្សាអំពីការរំលោភកាតព្វកិច្ច របស់ខ្លួនរបស់សហរដ្ឋអាមេរិក ក្រោមកថាខណ្ឌទី១ នៃអនុស្សរណៈនៃការយោគយល់គ្នា ដែលទាក់ទងនឹង ការបញ្ចប់សង្គ្រាមនៅលីបង់ ព័ត៌មានអំពីសកម្មភាពរបស់សហរដ្ឋអាមេរិក ទាក់ទងនឹងការពង្រឹងឧបករណ៍ និងកងកម្លាំងយោធារបស់ខ្លួននៅក្នុងតំបន់អាស៊ីខាងលិច និងការកត់សម្គាល់ «គំរាមកំហែង និងអន្តរាគមន៍» ដោយមន្ត្រីអាមេរិក។
គណៈប្រតិភូអ៊ីរ៉ង់បានគូសបញ្ជាក់ថា កាតព្វកិច្ចរបស់ភាគីនានាក្រោមអនុស្សរណៈនៃការយោគយល់គ្នា គឺជាសំណុំរួមបញ្ចូលគ្នា ហើយមិនត្រូវបានគេមើលឃើញដោយឡែកពីគ្នានោះទេ ដោយបន្ថែមថា វាត្រូវបានសម្រេចថា បណ្តាញទំនាក់ទំនងបន្ទាន់របស់ក្រុមត្រួតពិនិត្យនឹងត្រូវបានបង្កើតឡើងនៅថ្ងៃព្រហស្បតិ៍ ហើយការរំលោភលើអនុស្សរណៈនៃការយោគយល់គ្នានឹងត្រូវបានរាយការណ៍ ពិភាក្សា និងសម្រេចតាមរបៀបផ្លូវការ និងកត់ត្រា។
លោកបានកត់សម្គាល់ថា ក្នុងអំឡុងពេលកិច្ចប្រជុំជាមួយមន្ត្រីកាតា រួមទាំងតំណាងធនាគារកណ្តាល បញ្ហាមួយចំនួនទាក់ទងនឹងការប្រើប្រាស់ទ្រព្យសម្បត្តិបង្កករបស់អ៊ីរ៉ង់មួយផ្នែកដែលមានតម្លៃ ៦ពាន់លានដុល្លារអាមេរិកត្រូវបានពិភាក្សា ហើយវាត្រូវបានសម្រេចថា ដោយផ្អែកលើតម្រូវការរបស់អ៊ីរ៉ង់ ទំនិញចាំបាច់នឹងត្រូវបានទិញ និងផ្តល់ឱ្យប្រទេសនេះ៕
