ចំនួនអ្នកស្លាប់ ដោយសារគ្រោះរញ្ជួយដី នៅវេណេស៊ុយអេឡា កើនឡើងដល់ ២២៩៥ នាក់ និងរបួសជាង ១១០០០ នាក់
ការ៉ាកាស៖ ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីដ៏ខ្លាំងក្លាពីរលើក ដែលបានវាយប្រហារប្រទេសវេណេស៊ុយអេឡា នៅថ្ងៃទី ២៤ ខែមិថុនា បានកើនឡើងដល់ ២.២៩៥ នាក់ ខណៈចំនួនអ្នករងរបួសបានកើនឡើងដល់ ១១.២៦៧ នាក់ នេះបើយោងតាមប្រធានរដ្ឋសភាវេណេស៊ុយអេឡា លោក Jorge Rodriguez។

លោក Rodriguez បានថ្លែងក្នុងអំឡុងពេលធ្វើបច្ចុប្បន្នភាពប្រចាំថ្ងៃអំពីស្ថានភាពរបស់ប្រទេសបន្ទាប់ពីការរញ្ជួយដីថា “គិតត្រឹមថ្ងៃនេះ មានអ្នកស្លាប់ចំនួន ២.២៩៥ នាក់ និងរបួសចំនួន ១១.២៦៧ នាក់។ បច្ចុប្បន្នយើងកំពុងរាប់ចំនួនមនុស្ស ដែលរងផលប៉ះពាល់ចំនួន ១២.៨៤១ នាក់”។
លោកបានលេីកឡេីងថា មនុស្សចំនួន ៦.៤៦១ នាក់ត្រូវបានជួយសង្គ្រោះដោយក្រុមអ្នកជួយសង្គ្រោះអន្តរជាតិ និងក្នុងស្រុកជាង ៤.០០០ នាក់ និងអ្នកស្ម័គ្រចិត្ត។
លោក Rodriguez ដែលក៏ជាប្រធានមជ្ឈមណ្ឌលបញ្ជាការ សម្រាប់ការបង្កើតជំរំបណ្ដោះអាសន្នផងដែរ បានអំពាវនាវដល់បុគ្គលិកសុខាភិបាល បុគ្គលិកសន្តិសុខ និងអ្នកពន្លត់អគ្គីភ័យ ឱ្យចុះឈ្មោះនៅលើវេទិកា Patria ដើម្បីដោះស្រាយបញ្ហាលំនៅដ្ឋានដែលបណ្តាលមកពីការរញ្ជួយដី។
លោកបានបន្ដថា ជំរំបណ្ដោះអាសន្នចំនួន ២៥ កំពុងដំណើរការ រួមទាំង ១៣ នៅ La Guaira ចំនួន នៅការ៉ាកាស ចំនួន ២នៅ Miranda មួយទៀតនៅ Carabobo និងមួយទៀតនៅ Yaracuy៕
ប្រែសម្រួល ឈូក បូរ៉ា
