វេណេស៊ុយអេឡា ប្រកាសកាន់ទុក្ខជាតិរយៈពេល ៧ថ្ងៃសម្រាប់ជនរងគ្រោះ ដោយគ្រោះរញ្ជួយដី
ការ៉ាកាស៖ ប្រធានាធិបតី ស្តីទីនៃប្រទេសវេណេស៊ុយអេឡា លោកស្រី Delcy Rodriguez បានប្រកាសកាន់ទុក្ខជាតិរយៈពេល ៧ថ្ងៃ ដើម្បីឧទ្ទិសដល់ជនរងគ្រោះ នៃការរញ្ជួយដីដ៏ខ្លាំងក្លាដែលបានវាយប្រហារប្រទេសនេះ កាលពីថ្ងៃទី២៤ ខែមិថុនា។
លោកស្រី Rodriguez បានសរសេរនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា “ដើម្បីជាកិត្តិយសដល់ជនរងគ្រោះ ខ្ញុំបានសម្រេចចិត្តប្រកាសកាន់ទុក្ខជាតិរយៈពេល ៧ថ្ងៃ ដោយចាប់ផ្តើមនៅម៉ោង ៦:០០ល្ងាចថ្ងៃនេះ”។
ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីដ៏ខ្លាំងក្លាពីរលើក ដែលបានវាយប្រហារប្រទេសវេណេស៊ុយអេឡា នៅថ្ងៃទី ២៤ ខែមិថុនា បានកើនឡើងដល់ ២.២៩៥ នាក់ ខណៈចំនួនអ្នករងរបួសបានកើនឡើងដល់ ១១.២៦៧ នាក់ នេះបើយោងតាមប្រធានរដ្ឋសភាវេណេស៊ុយអេឡា លោក Jorge Rodriguez។
លោក Rodriguez បានថ្លែងក្នុងអំឡុងពេលធ្វើបច្ចុប្បន្នភាពប្រចាំថ្ងៃអំពីស្ថានភាពរបស់ប្រទេសបន្ទាប់ពីការរញ្ជួយដីថា “គិតត្រឹមថ្ងៃនេះ មានអ្នកស្លាប់ចំនួន ២.២៩៥ នាក់ និងរបួសចំនួន ១១.២៦៧ នាក់។ បច្ចុប្បន្នយើងកំពុងរាប់ចំនួនមនុស្ស ដែលរងផលប៉ះពាល់ចំនួន ១២.៨៤១ នាក់”។
លោកបានលេីកឡេីងថា មនុស្សចំនួន ៦.៤៦១ នាក់ត្រូវបានជួយសង្គ្រោះដោយក្រុមអ្នកជួយសង្គ្រោះអន្តរជាតិ និងក្នុងស្រុកជាង ៤.០០០ នាក់ និងអ្នកស្ម័គ្រចិត្ត។
លោក Rodriguez ដែលក៏ជាប្រធានមជ្ឈមណ្ឌលបញ្ជាការ សម្រាប់ការបង្កើតជំរំបណ្ដោះអាសន្នផងដែរ បានអំពាវនាវដល់បុគ្គលិកសុខាភិបាល បុគ្គលិកសន្តិសុខ និងអ្នកពន្លត់អគ្គីភ័យ ឱ្យចុះឈ្មោះនៅលើវេទិកា Patria ដើម្បីដោះស្រាយបញ្ហាលំនៅដ្ឋានដែលបណ្តាលមកពីការរញ្ជួយដី។
លោកបានបន្ដថា ជំរំបណ្ដោះអាសន្នចំនួន ២៥ កំពុងដំណើរការ រួមទាំង ១៣ នៅ La Guaira ចំនួន នៅការ៉ាកាស ចំនួន ២នៅ Miranda មួយទៀតនៅ Carabobo និងមួយទៀតនៅ Yaracuy៕
ប្រែសម្រួល ឈូក បូរ៉ា
