ទាហានថៃ ២០នាក់របួស ដោយសារតែក្រឡាប់រថយន្ត ពេលត្រឡប់ពីបញ្ជាការការពារព្រំដែនច័ន្ទបុរី-ត្រាត
បរទេស៖ អាជ្ញាធរបាននិយាយថា រថយន្តយោធាមួយគ្រឿងដែលដឹកទាហានម៉ារីនបានក្រឡាប់ក្នុងស្ថានភាពភ្លៀងធ្លាក់នៅភាគខាងកើតខេត្តរ៉ាយ៉ុង ប្រទេសថៃ កាលពីថ្ងៃពុធ បណ្តាលឲ្យទាហាន ២០ នាក់រងរបួស។ គ្រោះថ្នាក់នេះបានកើតឡើងនៅម៉ោងប្រហែល ១៤:០០ នៅលើផ្លូវសុខុមវិទ្ធជិតផ្សារខាវឌីនក្នុងស្រុកខ្លាង។ ប៉ូលីស និងអ្នកជួយសង្គ្រោះបានទៅដល់កន្លែងកើតហេតុបន្ទាប់ពីទទួលបានរបាយការណ៍។

យោងតាមសារព័ត៌មាន Khaosod English ចេញផ្សាយនៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦ថា យោងតាមអ្នកស៊ើបអង្កេត ក្បួនរថយន្តមួយគ្រឿងមកពីកងវរសេនាធំកាំភ្លើងធំកងម៉ារីន ដែលមានរថយន្តយោធា កង់១០ ពីរគ្រឿង និងឡានក្រុងមួយគ្រឿង កំពុងវិលត្រឡប់ទៅកាន់មូលដ្ឋានរបស់ខ្លួននៅសាតាហ៊ីប ខេត្តឈុនបុរី បន្ទាប់ពីបំពេញភារកិច្ចជាមួយបញ្ជាការការពារព្រំដែនច័ន្ទបុរី-ត្រាត។
នៅពេលដែលក្បួនរថយន្តឆ្លងកាត់តំបន់នោះក្នុងអំឡុងពេលភ្លៀងធ្លាក់ខ្លាំង រថយន្តនាំមុខត្រូវបានគេរាយការណ៍ថាបានរអិលធ្លាក់ បុកជាមួយភ្លើងស្តុប ហើយក្រឡាប់ បណ្តាលឲ្យទាហានបីនាក់រងរបួស។
រថយន្តកង់៦ បានឈប់ ដើម្បីឲ្យអ្នកបើកបរអាចជួយទាហានដែលរងរបួស។ មួយសន្ទុះក្រោយមក រថយន្តយោធាទីពីរបានបាត់បង់ការគ្រប់គ្រង ហើយមិនអាចជាន់ហ្វ្រាំងបានទាន់ពេលវេលា ដោយបុកជាមួយផ្នែកខាងក្រោយរថយន្តដែលចត និងបុករថយន្តភីកអាប់ស៊ីវិលមួយគ្រឿងពីចំហៀង។ ទាហាន ១៧ នាក់ទៀតបានរងរបួសក្នុងការប៉ះទង្គិចគ្នាលើកទីពីរ។ ក្រុមអ្នកជួយសង្គ្រោះបានដឹកទាហានរងរបួសទាំង ២០ នាក់ទៅកាន់មន្ទីរពេទ្យឃ្លាំង។
ប្រែសម្រួលៈ ណៃ តុលា
