ចិន អះអាងថា កិច្ចសហប្រតិបត្តិការរវាងប្រទេសនិងប្រទេស មិនគួរផ្តោតលើភាគីទី៣ នោះទេ
ប៉េកាំង៖ ដើម្បីឆ្លើយតបទៅនឹងការកត់សម្គាល់របស់នាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិនដ្រា មូឌី ដែលថា ឥណ្ឌា និងជប៉ុន នឹងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យរ៉ែសំខាន់ៗ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Guo Jiakun បានឧ្យដឹងថា កិច្ចសហប្រតិបត្តិការបែបនេះមិនគួរផ្តោតលើភាគីទីបីណាមួយ ឬធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍របស់ខ្លួនឡើយ។
លោកបានឧ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃថា “កិច្ចសហប្រតិបត្តិការបែបនេះមិនគួរត្រូវបានប្រើប្រាស់ ដើម្បីបង្កើត ‘ប្លុកតូចៗ’ ផ្តាច់មុខ ឬបង្កឱ្យមានការប្រឈមមុខដាក់គ្នាក្រោមលេសនៃកិច្ចសហប្រតិបត្តិការនោះទេ”។
លោកបានបន្ដថា កិច្ចសហប្រតិបត្តិការរវាងប្រទេសនានាគួរតែជួយបង្កើនការយល់ដឹង និងការជឿទុកចិត្តក្នុងចំណោមប្រទេសក្នុងតំបន់ និងការពារសន្តិភាព និងស្ថិរភាពក្នុងតំបន់។
លោកបានកត់សម្គាល់ថា ការរក្សាស្ថិរភាព និងសន្តិសុខនៃឧស្សាហកម្មសកល និងខ្សែសង្វាក់ផ្គត់ផ្គង់គឺជាការទទួលខុសត្រូវរួមគ្នារបស់ប្រទេសទាំងអស់ ដោយបន្ថែមថា ភាគីទាំងអស់គួរតែឱបក្រសោបផ្នត់គំនិតបើកចំហ និងសហប្រតិបត្តិការ និងដើរតួនាទីស្ថាបនាចំពោះគោលបំណងនេះ៕
ប្រែសម្រួល ឈូក បូរ៉ា










