យោធារុស្ស៊ីប្រាប់ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន ថា កងកម្លាំងរុស្ស៊ីបានគ្រប់គ្រងទីក្រុង Kostiantynivka នៅភាគខាងកើតអ៊ុយក្រែន
បេទេស៖ យោធារុស្ស៊ីបានប្រាប់ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន កាលពីថ្ងៃសុក្រថា កងកម្លាំងរបស់ខ្លួនបានគ្រប់គ្រងទីក្រុង Kostiantynivka នៅភាគខាងកើតអ៊ុយក្រែន ដែលជាតំបន់សំខាន់មួយដែលទីក្រុងមូស្គូបានស្វែងរកជាយូរមកហើយក្នុងការឈានទៅមុខរបស់ខ្លួនតាមរយៈតំបន់ Donetsk។
យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៦ថា លោកពូទីន ត្រូវបានបង្ហាញនៅក្នុងវីដេអូដែលលោកបានទៅទស្សនាប៉ុស្តិ៍បញ្ជាការ និងទទួលបានរបាយការណ៍ពីមេបញ្ជាការកំពូលៗ បានសរសើរការចាប់យកបានទីក្រុងនេះថាជាសមិទ្ធផលយុទ្ធសាស្ត្រដ៏សំខាន់មួយ។
លោកក៏បាននិយាយផងដែរថា កងកម្លាំងរុស្ស៊ីត្រូវតែបង្កើនទំហំនៃតំបន់សន្តិសុខ ដើម្បីឆ្លើយតបទៅនឹងការវាយប្រហារចម្ងាយឆ្ងាយកាន់តែខ្លាំងឡើងរបស់អ៊ុយក្រែន ជាពិសេសប្រឆាំងនឹងឧស្សាហកម្មប្រេងរបស់រុស្ស៊ី។
អ៊ុយក្រែនមិនបានធ្វើអត្ថាធិប្បាយលើការអះអាងរបស់រុស្ស៊ីថាបានដណ្តើមយកទីក្រុង Kostiantynivka នោះទេ។
ឧត្តមសេនីយ៍ Valery Gerasimov ប្រធានអគ្គសេនាធិការរុស្ស៊ី បានប្រកាសពីការដណ្តើមយកទីក្រុងនេះនៅក្នុងរបាយការណ៍ស្តីពីការប្រព្រឹត្តនៃសង្គ្រាម ដែលឥឡូវនេះស្ថិតនៅក្នុងឆ្នាំទីប្រាំរបស់ខ្លួន។
ឧត្តមសេនីយ៍ Gerasimov បាននិយាយថា ក្រុមកងកម្លាំងភាគខាងត្បូងកំពុងធ្វើប្រតិបត្តិការវាយលុកដើម្បី “រំដោះ” តំបន់ Donetsk ទាំងអស់ ដែលជាផ្នែកមួយនៃតំបន់ Donbas ដ៏ធំទូលាយ ដែលរុស្ស៊ីបានសន្យាថា នឹងធានាការគ្រប់គ្រងជាគោលបំណងសំខាន់នៃកិច្ចខិតខំប្រឹងប្រែងសង្គ្រាមរបស់ខ្លួន។
ប្រែសម្រួលៈ ណៃ តុលា









