កាតា ចាប់ផ្តើមការប្រតិបត្ដិករ តាមសមុទ្រឡើងវិញ បន្ទាប់ពីការផ្អាកមួយរយៈ
ដូហា៖ ក្រសួងដឹកជញ្ជូនកាតា បានប្រកាសពីការបន្តប្រតិបត្ដិការ តាមសមុទ្រឡើងវិញទាំងស្រុង សម្រាប់នាវាសមុទ្រគ្រប់ប្រភេទ ដែលមានប្រសិទ្ធភាពភ្លាមៗ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងបានជំរុញឱ្យម្ចាស់នាវា និងប្រតិបត្តិករទាំងអស់អនុវត្តតាមបទប្បញ្ញត្តិ និងការណែនាំជាធរមាន និងធានានូវភាពអាចរកបាននៃឧបករណ៍ចាំបាច់ទាំងអស់ ដើម្បីធានាបាននូវកម្រិតខ្ពស់បំផុតនៃសុវត្ថិភាព និងសន្តិសុខក្នុងអំឡុងពេលធ្វើដំណើរ។
ការបន្តឡើងវិញនេះធ្វើឡើងបន្ទាប់ពីការសម្រេចចិត្តរបស់ក្រសួងនៅថ្ងៃចន្ទ ដើម្បីផ្អាកជាបណ្តោះអាសន្ននូវប្រតិបត្ដិការតាមសមុទ្រ និងសកម្មភាពតាមសមុទ្រសម្រាប់នាវាគ្រប់ប្រភេទ ជាវិធានការបង្ការ ដើម្បីការពារសុវត្ថិភាពសាធារណៈ។
ការផ្អាកនេះត្រូវបានប្រកាសមួយថ្ងៃបន្ទាប់ពីក្រសួងមហាផ្ទៃកាតា បានឧ្យដឹងថា ពលរដ្ឋកាតាម្នាក់ត្រូវបានគេរកឃើញថា ស្លាប់ និងអ្នកស្រុកអារ៉ាប់ម្នាក់រងរបួស បន្ទាប់ពីនាវាដែលបាត់ខ្លួនត្រូវបានរកឃើញក្នុងអំឡុងពេលប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះពេញមួយយប់។
យោងតាមក្រសួង នាវានេះត្រូវបានគេរកឃើញនៅព្រឹកព្រលឹមថ្ងៃទី២៨ ខែមិថុនា។ ពលរដ្ឋកាតា រូបនេះបានស្លាប់បន្ទាប់ពីត្រូវបានវាយប្រហារដោយបំណែកគ្រាប់បែកដែលបណ្តាលមកពីប្រតិបត្តិការយោធានៅក្នុងតំបន់ ខណៈដែលអ្នករងរបួសត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ហើយត្រូវបានគេរាយការណ៍ថា ស្ថិតក្នុងស្ថានភាពមានស្ថេរភាព៕
ប្រែសម្រួល ឈូក បូរ៉ា
