គុយវ៉ែត ដាក់ឱ្យដំណើរការមូលនិធិសង្គ្រោះ បន្ទាន់ចំនួន ១០០លានដុល្លារ ដើម្បីជួសជុលហេដ្ឋារចនាសម្ព័ន្ធ ដែលខូចខាតដោយសារសង្គ្រាម
គុយវ៉ែត៖ គុយវ៉ែត បានប្រកាសអំពីការដាក់ឱ្យដំណើរការមូលនិធិឆ្លើយតបបន្ទាន់ដែលមានដើមទុនដំបូងចំនួន ១០០លានដុល្លារអាមេរិក ដែលជាផ្នែកមួយ នៃកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេស ក្នុងការជួសជុលគ្រឿងបរិក្ខារដែលខូចខាតក្នុងសង្គ្រាមអ៊ីរ៉ង់។
លោក Sheikh Jarrah Jaber Al-Ahmad Al-Sabah រដ្ឋមន្ត្រីការបរទេសគុយវ៉ែត បានឧ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានមួយថា មូលនិធិឆ្លើយតបបន្ទាន់គុយវ៉ែត ដែលបានដាក់ឱ្យដំណើរការ ដោយមូលនិធិគុយវ៉ែត សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចអារ៉ាប់ (KFAED) មានគោលបំណងបង្កើតក្របខ័ណ្ឌហិរញ្ញប្បទាន សង្គ្រោះបន្ទាន់ និងជំរុញការឆ្លើយតបវិបត្តិជាតិ។
លោករដ្ឋមន្ត្រីបានលេីកឡេីងថា មូលនិធិនេះនឹងគាំទ្រកិច្ចខិតខំប្រឹងប្រែង របស់ប្រទេសគុយវ៉ែត ក្នុងការជួសជុលហេដ្ឋារចនាសម្ព័ន្ធ ដែលខូចខាតដោយអ្វីដែលលោកបានពិពណ៌នាថាជា “ការឈ្លានពានរបស់អ៊ីរ៉ង់”។
លោក Waleed Al-Bahar អគ្គនាយកស្តីទីនៃមូលនិធិ KFAED បានឧ្យដឹងថា ការបង្កើតមូលនិធិនេះអនុវត្តការសម្រេចចិត្តរបស់គណៈរដ្ឋមន្ត្រីគុយវ៉ែត ដោយកត់សម្គាល់ថា មូលនិធិនេះនឹងវាយតម្លៃសំណើហិរញ្ញប្បទាន និងផ្តល់អាទិភាពដល់គម្រោងនានា។ លោកក៏បានជំរុញឱ្យស្ថាប័នរដ្ឋាភិបាល និងវិស័យឯកជនចូលរួមចំណែកដល់មូលនិធិថ្មីនេះផងដែរ។
គួរបញ្ជាក់ថា នៅថ្ងៃទី ២៨ ខែកុម្ភៈ សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានចាប់ផ្តើមវាយប្រហាររួមគ្នាលើអ៊ីរ៉ង់។ ទីក្រុងតេអេរ៉ង់ បានសងសឹកដោយការវាយប្រហារដោយមីស៊ីល និងយន្តហោះគ្មានមនុស្សបើក ដែលកំណត់គោលដៅមូលដ្ឋានយោធាអ៊ីស្រាអែល និងសហរដ្ឋអាមេរិកនៅក្នុងប្រទេសជិតខាង៕
ប្រែសម្រួល ឈូក បូរ៉ា










