តម្លៃប្រេងធ្លាក់ចុះបន្ទាប់ពី OPEC+ យល់ព្រមបង្កើនគោលដៅ ទិន្នផលចាប់ពីខែសីហា
បរទេស៖ តម្លៃប្រេងបានធ្លាក់ចុះទាបនៅថ្ងៃចន្ទ បន្ទាប់ពីអង្គការ OPEC+ បានយល់ព្រមបង្កើនគោលដៅទិន្នផលរបស់ខ្លួនបន្ថែមទៀតចាប់ពីខែសីហា ខណៈដែលការនាំចេញពីប្រទេសផលិតសំខាន់ៗ តាមរយៈច្រកសមុទ្រ Hormuz កំពុងងើបឡើងវិញ ដែលអាចបន្ថែមទៅលើការផ្គត់ផ្គង់សកល។
យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦ថា ប្រេងឆៅ Brent បានធ្លាក់ចុះ 34 សេន ឬ 0.47% មកនៅត្រឹម 71.78 ដុល្លារក្នុងមួយបារ៉ែល បន្ទាប់ពីបានធ្លាក់ចុះ 0.45% នៅថ្ងៃសុក្រ។ ប្រេងឆៅ West Texas Intermediate របស់សហរដ្ឋអាមេរិកមានតម្លៃ 68.49 ដុល្លារក្នុងមួយបារ៉ែល ធ្លាក់ចុះ 20 សេន ឬ 0.29%។
កិច្ចសន្យាប្រេងទាំងពីរមានការផ្លាស់ប្តូរតិចតួចកាលពីសប្តាហ៍មុន បន្ទាប់ពីភាគច្រើនធ្លាក់ចុះក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ ខណៈដែលវិនិយោគិនបានតាមដានយ៉ាងដិតដល់លើការចរចារវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់លើជោគវាសនានៃការដឹកជញ្ជូនតាមច្រកសមុទ្រ Hormuz ខណៈពេលដែលតាមដានការងើបឡើងវិញនៃការនាំចេញប្រេងនៅឈូងសមុទ្រ។
អង្គការនៃប្រទេសនាំចេញប្រេង និង សម្ព័ន្ធមិត្តរបស់ពួកគេ រួមទាំងប្រទេសរុស្ស៊ី បានព្រមព្រៀងគ្នាកាលពីថ្ងៃអាទិត្យ ដើម្បីបង្កើនគោលដៅទិន្នផល បន្ថែមទៀតចំនួន ១៨៨.០០០ បារ៉ែលក្នុងមួយថ្ងៃ ចាប់ពីខែសីហា បន្ថែមពីលើការកើនឡើងស្រដៀងគ្នាសម្រាប់ខែមិថុនា និងខែកក្កដា៕
ប្រែសម្រួលៈ ណៃ តុលា










