ព័ត៌មានអន្តរជាតិ

​ យោធាអ៊ីស្រាអែល​ ចាប់ឃុំខ្លួនជនស៊ីវិល ដែលព្យាយាមឆ្លងដែន ចូលទៅក្នុងប្រទេសស៊ីរី

យេរូសាឡឹម៖ យោធាអ៊ីស្រាអែល​ បានឧ្យដឹងថា ខ្លួនបានឃុំខ្លួនជន ស៊ីវិលអ៊ីស្រាអែលរាប់សិបនាក់ ដែលបានព្យាយាមឆ្លងកាត់ព្រំដែន ចូលទៅក្នុងទឹកដីស៊ីរី កាលពីព្រឹកថ្ងៃអាទិត្យ។

យោងតាមកងកម្លាំងការពារអ៊ីស្រាអែល កងទ័ពត្រូវបានដាក់ពង្រាយទៅកាន់កន្លែងកើតហេតុ ឃុំខ្លួនជនសង្ស័យ និងប្រគល់ពួកគេទៅឱ្យប៉ូលីស​ ដើម្បីសួរចម្លើយបន្ថែម។

យោធាបានថ្កោលទោសការប៉ុនប៉ងឆ្លងកាត់ព្រំដែននេះ ដោយពណ៌នាថាវាជា “ឧប្បត្តិហេតុធ្ងន់ធ្ងរ” និង “បទល្មើសព្រហ្មទណ្ឌ”​ ប៉ុន្ដែមិនបានបង្ហាញទីតាំងឆ្លងកាត់ ឬព័ត៌មានលម្អិតបន្ថែមអំពីឧប្បត្តិហេតុនេះទេ។

ប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែល​ បានកំណត់អត្តសញ្ញាណអ្នកដែលត្រូវបានឃុំខ្លួនថា​ ជាសកម្មជនតាំងលំនៅមកពីក្រុម “Bashan Pioneers”។

ក្រុមនេះបានព្យាយាមឆ្លងកាត់ចូលទៅក្នុងប្រទេសស៊ីរីម្តងហើយម្តងទៀត​ ក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ ដើម្បីសាងសង់ការតាំងទីលំនៅ ដែលត្រូវបានគេរាយការណ៍ថាមានការគាំទ្រពីអ្នកតាក់តែងច្បាប់អ៊ីស្រាអែល៕

To Top