ព័ត៌មានអន្តរជាតិ

អន្តរាគមន៍របស់លោក Trump បង្កឱ្យមានព្យុះភ្លៀងនៅ World Cup ខណៈ FIFA អនុញ្ញាតឱ្យកីឡាករអាមេរិក Balogun អាចចូលប្រកួតជាមួយបែលហ្ស៊ិក

បរទេស៖ យុទ្ធនាការ World Cup របស់សហរដ្ឋអាមេរិកកាលពីថ្ងៃអាទិត្យ បានប្រែក្លាយទៅជារឿងមិនធម្មតាមួយ នៅពេលដែល FIFA បានធ្វើការសម្រេចចិត្តដែលមិនធ្លាប់មានពីមុនមក ដើម្បីផ្អាកការហាមឃាត់កាតក្រហមដោយស្វ័យប្រវត្តិរបស់កីឡាករ Folarin Balogun ដោយអនុញ្ញាតឱ្យខ្សែប្រយុទ្ធរូបនេះចូលលេងប្រឈមមុខនឹងក្រុមប្រទេសបែលហ្ស៊ិកក្នុងការប្រកួតវគ្គ ១៦ ក្រុមចុងក្រោយនៅថ្ងៃចន្ទ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក Donald Trump បានជំរុញឱ្យប្រធាន FIFA លោក Gianni Infantino ពិនិត្យឡើងវិញនូវករណីនេះ។

យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦ថា រឿងនេះបានជំរុញដំណើរការវិន័យរបស់ FIFA ឱ្យទទួលបានការចាប់អារម្មណ៍ជាសកល ជំរុញឱ្យមានការឆ្លើយតបយ៉ាងខឹងសម្បារពីក្រុមបែលហ្ស៊ិក និងធានាថាចំណុចពិភាក្សាដ៏ធំបំផុតមួយរបស់ការប្រកួតនេះនឹងមិនផ្តោតលើយុទ្ធសាស្ត្រ ឬការជ្រើសរើសក្រុមនោះទេ ប៉ុន្តែផ្តោតលើទំនាក់ទំនងរវាងស្ថាប័នគ្រប់គ្រងបាល់ទាត់ និងអំណាចនយោបាយ។

ក្នុងរយៈពេលប៉ុន្មាននាទី ការសម្រេចចិត្តនេះបានបង្កឱ្យមានព្យុះនៅក្នុងប្រព័ន្ធផ្សព្វផ្សាយដ៏ធំបំផុតមួយរបស់ការប្រកួត ដោយគ្របដណ្ដប់លើព្រឹត្តិបត្រកីឡា និងកម្មវិធីជជែកពិភាក្សា ខណៈដែលអ្នកជំនាញ អ្នកអត្ថាធិប្បាយ និងអតីតកីឡាករបានជជែកវែកញែកអំពីថាតើ FIFA បានគាំទ្រយុត្តិធម៌ ឬធ្វើឱ្យខូចច្បាប់របស់ខ្លួន។

ខណៈពេលដែលសំណួរបានកើនឡើងលើកាលៈទេសៈជុំវិញការសម្រេចចិត្តនេះ ខាង FIFA មិនបានឆ្លើយតបទៅនឹងសំណើរបស់ រ៉យទ័រ ជាច្រើនសម្រាប់ការអត្ថាធិប្បាយអំពីការសម្រេចចិត្ត និងការហៅទូរស័ព្ទរបស់លោក Trump ជាមួយលោក Infantino នោះទេ៕
ប្រែសម្រួលៈ ណៃ តុលា

To Top