ក្រុមហាម៉ាស់ ចោទប្រកាន់អ៊ីស្រាអែលថា ប្រើប្រាស់ការអះអាងផ្នែកយោធា ដើម្បីបង្ហាញអំពីភាពត្រឹមត្រូវនៃការរំលោភបំពាននៅក្នុងតំបន់ហ្គាហ្សា
ហ្គាហ្សា៖ ក្រុមហាម៉ាស់ បានបដិសេធការចោទប្រកាន់របស់អ៊ីស្រាអែលថា ខ្លួនកំពុងកសាងសមត្ថភាពយោធារបស់ខ្លួនឡើងវិញនៅក្នុងតំបន់ហ្គាហ្សា ដោយចោទប្រកាន់អ៊ីស្រាអែលថា បានប្រើប្រាស់ការអះអាងបែបនេះ ដើម្បីបង្ហាញអំពីភាពត្រឹមត្រូវនៃអ្វីដែលខ្លួនពិពណ៌នាថា ជាសកម្មភាពយោធាជាបន្តបន្ទាប់ និងការរំលោភលើកិច្ចព្រមព្រៀងឈប់បាញ់នៅក្នុងតំបន់ហ្គាហ្សា។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ អ្នកនាំពាក្យក្រុមហាម៉ាស់ លោក Hazem Qassem បានឧ្យដឹងថា ក្រុមហាម៉ាស់ និងក្រុមប៉ាឡេស្ទីនដទៃទៀតនៅក្នុងតំបន់ហ្គាហ្សា នៅតែប្តេជ្ញាចិត្ត ចំពោះកិច្ចព្រមព្រៀងឈប់បាញ់ ដោយអំពាវនាវដល់អ្នកសម្របសម្រួល និងរដ្ឋធានាឱ្យធានាថា អ៊ីស្រាអែលគោរពតាមកាតព្វកិច្ចរបស់ខ្លួនក្រោមកិច្ចព្រមព្រៀងនេះ។
ការកត់សម្គាល់របស់លោកបានកើតឡើងបន្ទាប់ពី Kan TV News ដែលគ្រប់គ្រងដោយរដ្ឋអ៊ីស្រាអែល បានរាយការណ៍ថា មន្ត្រីយោធាអ៊ីស្រាអែល បានវាយតម្លៃថា ហាម៉ាសកំពុងរៀបចំ សម្រាប់ការប្រយុទ្ធជុំថ្មីដែលអាចកើតមានដោយការជ្រើសរើសអ្នកប្រយុទ្ធថ្មី កសាងហេដ្ឋារចនាសម្ព័ន្ធក្រោមដីឡើងវិញ រួមទាំងផ្លូវរូងក្រោមដី និងកន្លែងយោធា និងផលិតឧបករណ៍ផ្ទុះ និងរ៉ុក្កែតរាប់រយគ្រាប់ជារៀងរាល់ខែ។
របាយការណ៍នោះបានបន្ថែមថា មន្ត្រីយោធាអ៊ីស្រាអែលមួយចំនួនគាំទ្រឲ្យមានប្រតិបត្តិការឡើងវិញនៅតំបន់ហ្គាហ្សា ដោយចាត់ទុកកិច្ចខិតខំប្រឹងប្រែងកសាងឡើងវិញរបស់ក្រុមហាម៉ាសថាជាបញ្ហាប្រឈមសន្តិសុខកាន់តែខ្លាំងឡើង៕
ប្រែសម្រួល ឈូក បូរ៉ា










