OPEC+ នឹងបង្កើនកម្រិត ផលិតកម្មប្រេងចំនួន ១៨៨០០០បារ៉ែល ក្នុងមួយថ្ងៃ នៅក្នុងខែសីហា
វីយែន ៖ ប្រទេសជាសមាជិតអង្គការនាំចេញប្រេង OPEC+ បានព្រមព្រៀងគ្នាកាលពីថ្ងៃអាទិត្យ ដើម្បីបង្កើនកម្រិតផលិតកម្មប្រេងនៅក្នុងខែសីហាចំនួន ១៨៨០០០បារ៉ែលក្នុងមួយថ្ងៃ ពីកម្រិតខែកក្កដា នេះបើយោងតាមសេចក្តីថ្លែងការណ៍មួយ ដែលបានចេញផ្សាយបន្ទាប់ពីកិច្ចប្រជុំអនឡាញរបស់អង្គការ OPEC+។
ការសម្រេចចិត្តនេះត្រូវបានប្រកាសបន្ទាប់ពីកិច្ចប្រជុំដែលមានការចូលរួមពីប្រទេសអារ៉ាប៊ីសាអូឌីត រុស្ស៊ី អ៊ីរ៉ាក់ គុយវ៉ែត កាហ្សាក់ស្ថាន អាល់ហ្សេរី និងអូម៉ង់ ដែលបានពិនិត្យឡើងវិញនូវស្ថានភាពទីផ្សារសកល និងទស្សនវិស័យ។
ក្នុងការប្តេជ្ញាចិត្តរួមគ្នារបស់ពួកគេក្នុងការគាំទ្រស្ថិរភាពទីផ្សារប្រេង ប្រទេសដែលចូលរួមទាំង៧ បានសម្រេចចិត្តអនុវត្តការកែតម្រូវផលិតកម្មចំនួន ១៨៨០០០ បារ៉ែលក្នុងមួយថ្ងៃពីការកែតម្រូវ ដោយស្ម័គ្រចិត្តបន្ថែមដែលបានប្រកាសនៅក្នុងខែមេសា ឆ្នាំ២០២៣ ដោយបន្ថែមថាការកែតម្រូវនេះ នឹងត្រូវបានអនុវត្តនៅក្នុងខែសីហា ។
ការកាត់បន្ថយផលិតកម្មដោយស្ម័គ្រចិត្តចំនួន ១.៦៥លានបារ៉ែល ក្នុងមួយថ្ងៃត្រូវបានប្រកាសជាលើកដំបូង នៅក្នុងខែមេសា ឆ្នាំ២០២៣ ហើយក្រោយមកត្រូវបានពង្រីករហូតដល់ចុងឆ្នាំ២០២៦។
ការសម្រេចចិត្តដែលធ្វើឡើងនៅថ្ងៃអាទិត្យនេះគឺជាខែទីប្រាំជាប់ៗគ្នាសម្រាប់អង្គការ OPEC+ ដើម្បីបង្កើនផលិតកម្មរបស់ខ្លួន ទោះបីជាប្រទេសអារ៉ាប់រួម បានចាកចេញពី OPEC និងសម្ព័ន្ធភាព OPEC+ ដ៏ទូលំទូលាយនៅថ្ងៃទី១ ខែឧសភា ក៏ដោយ៕
ប្រែសម្រួល ឈូក បូរ៉ា










