ព័ត៌មានអន្តរជាតិ

កងទ័ពអ៊ុយក្រែនថា រុស្ស៊ីបានប្រើមីស៊ីល ៦៨ គ្រាប់, មីស៊ីលបាលីស្ទិក២៣ គ្រាប់ និងមីស៊ីលល្បឿនលឿន ជាងសំឡេង ៦គ្រាប់ និងដ្យូន ៣៥១គ្រឿង វាយប្រហារទីក្រុងគៀវ

បរទេស៖ មន្ត្រីបាននិយាយថា មីស៊ីល និងយន្តហោះគ្មានមនុស្សបើករបស់រុស្ស៊ីបានវាយប្រហារទីក្រុងគៀវ របស់អ៊ុយក្រែន នៅព្រឹកថ្ងៃចន្ទ ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១១ នាក់ និងបំផ្លាញអគារផ្ទះល្វែងយ៉ាងធ្ងន់ធ្ងរ ដែលជាការវាយប្រហារមួយក្នុងរយៈពេលប៉ុន្មានថ្ងៃបន្ទាប់ពីការវាយប្រហារដ៏សាហាវបំផុតលើរដ្ឋធានីអ៊ុយក្រែននៅឆ្នាំនេះ។

យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦ថា ការទម្លាក់គ្រាប់បែកនេះក៏កើតឡើងមុនកិច្ចប្រជុំកំពូលអង្គការណាតូនៅប្រទេសតួកគីនៅសប្តាហ៍នេះ ជាកន្លែងដែលប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ នឹងជួបជាមួយប្រធានាធិបតីអ៊ុយក្រែនលោក វ្លាឌីមៀរ ហ្សេលេនស្គី ដើម្បីធ្វើការជំរុញឡើងវិញ ដើម្បីបញ្ចប់សង្គ្រាម ដែលបានចាប់ផ្តើមជាមួយនឹង ការឈ្លានពានទ្រង់ទ្រាយធំរបស់រុស្ស៊ីនៅក្នុងខែកុម្ភៈ ឆ្នាំ ២០២២។

លោក វីតាលី គ្លីតស្កូ អភិបាលក្រុងគៀវ បាននិយាយនៅក្នុងការបង្ហោះមួយនៅលើ Telegram ថា ក្រុមជួយសង្គ្រោះកំពុងទាញមនុស្សចេញពីអគារដែលត្រូវបានបំផ្លាញដោយការបាញ់ផ្លោងពេញមួយយប់។

លោក គ្លីតស្កូ បាននិយាយថា ចំនួនអ្នកស្លាប់នៅក្នុងរដ្ឋធានីបានកើនឡើងដល់ ១១ នាក់ ដោយមានមនុស្ស ៤៦ នាក់រងរបួសនៅទូទាំងទីក្រុង។

ចំណែកកងទ័ពអាកាសអ៊ុយក្រែនវិញ បាននិយាយថា រុស្ស៊ីបានប្រើប្រាស់មីស៊ីលចំនួន ៦៨ គ្រាប់ រួមទាំងមីស៊ីលបាលីស្ទិកចំនួន ២៣ គ្រាប់ និងមីស៊ីលល្បឿនលឿន និងលឿនជាងសំឡេងចំនួន ៦ គ្រាប់ ក៏ដូចជាយន្តហោះគ្មានមនុស្សបើកចំនួន ៣៥១ គ្រឿង នៅក្នុងការវាយប្រហារនេះ។ ទិន្នន័យកងទ័ពអាកាសបានបង្ហាញថា អង្គភាពកងទ័ពអាកាសបានបាញ់ទម្លាក់ ឬបន្សាបមីស៊ីលចំនួន ៣៧ គ្រាប់ និងយន្តហោះគ្មានមនុស្សបើកចំនួន ៣២៦ គ្រាប់ ប៉ុន្តែគ្មានមីស៊ីលបាលីស្ទិក ឬមីស៊ីលល្បឿនលឿន និងលឿនជាងសំឡេងណាមួយឡើយ។

អ៊ុយក្រែនបាននិយាយម្តងហើយម្តងទៀតថា ខ្លួនខ្វះខាតប្រព័ន្ធស្ទាក់ចាប់សម្រាប់ប្រព័ន្ធការពារ Patriot របស់ខ្លួន ដែលជាអាវុធតែមួយគត់ដែលមានប្រសិទ្ធភាព ដើម្បីបាញ់ទម្លាក់គ្រាប់ផ្លោងដែលចូលមក។

ប្រែសម្រួលៈ ណៃ តុលា

To Top