ព័ត៌មានអន្តរជាតិ

​ អ៊ុយក្រែន​ បេីកការវាយប្រហារ ដោយយន្តហោះដ្រូន​ លេីរោងចក្រចម្រាញ់ប្រេង និងរោងចក្រថាមពល នុយក្លេអ៊ែររបស់រុស្ស៊ី

មូស្គូ៖ អភិបាលតំបន់លោក Vitaly Khotsenko បានឧ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ តាមប្រព័ន្ធផ្សព្វផ្សាយសង្គមមួយថា​ យន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែន បានវាយប្រហាររោងចក្រចម្រាញ់ប្រេង Omsk ដែលជារោងចក្រមួយក្នុងចំណោម រោងចក្រធំជាងគេនៅក្នុងប្រទេសរុស្ស៊ី។

លោក​ Khotsenko បានឧ្យដឹងថា ប្រព័ន្ធការពារដែនអាកាសរបស់រុស្ស៊ី​ បានស្ទាក់ចាប់ និងបំផ្លាញយន្តហោះគ្មានមនុស្សបើកភាគច្រើនដែលចូលមក។ ព័ត៌មានបឋមបានបង្ហាញថា មិនមានការស្លាប់ ឬរបួសត្រូវបានរាយការណ៍នោះទេ ។ សេវាកម្មសង្គ្រោះបន្ទាន់ និងប្រតិបត្តិការ ត្រូវបានដាក់ពង្រាយទៅកាន់ ទីតាំងនោះ ហើយបច្ចុប្បន្នកំពុងធ្វើការនៅក្នុងតំបន់នោះ។

រោងចក្រចម្រាញ់ប្រេង Omsk គឺជារោងចក្រចម្រាញ់ប្រេងធំជាងគេមួយនៅក្នុងប្រទេសរុស្ស៊ី។ វាអាចកែច្នៃប្រេងឆៅជាង ២០លានតោនក្នុងមួយឆ្នាំ។

នៅក្នុងព្រឹត្តិការណ៍មួយផ្សេងទៀត យន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែន​ បានវាយប្រហារប៉មត្រជាក់មួយនៅរោងចក្រថាមពលនុយក្លេអ៊ែរ Kursk-2 ដែលកំពុងសាងសង់ក្នុងអំឡុងពេលវាយប្រហារមួយយប់ នេះបើយោងតាមអភិបាលតំបន់ Kursk លោក Alexander Khinshtein។

លោក Khinshtein បានឧ្យដឹងនៅលើបណ្តាញសង្គមថា យន្តហោះគ្មានមនុស្សបើកអ៊ុយក្រែនចំនួន ១២ គ្រឿងត្រូវបានរកឃើញ និងបានបំផ្លាញចោល នៅពេលដែលពួកគេកំពុងធ្វើដំណើរឆ្ពោះទៅកាន់តំបន់ Kurchatov ជាកន្លែងដែលរោងចក្រនុយក្លេអ៊ែរស្ថិតនៅ៕

To Top