ព័ត៌មានអន្តរជាតិ

​ លោក ដូណាល់​ ត្រាំ អះអាងថា ការបញ្ចប់ជម្លោះ រុស្ស៊ី-អ៊ុយក្រែន កាន់តែខិតជិតមកដល់ហើយ

វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់​ ត្រាំ​ បានអះអាងថា ការបញ្ចប់ជម្លោះរុស្ស៊ី-អ៊ុយក្រែន ដែលឥឡូវនេះស្ថិតនៅក្នុងឆ្នាំទី៥​ របស់ខ្លួន គឺកាន់តែខិតជិតមកដល់ហើយ។

លោក ត្រាំ បានប្រាប់អ្នកយកព័ត៌មានថា «ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ​ ពូទីន​ ចង់បញ្ចប់វា ហើយអ៊ុយក្រែន​ ក៏ចង់បញ្ចប់វាដូចគ្នា​ យើងកំពុងចរចា ហើយយើងនឹងរង់ចាំមើលថាតើយើងអាចបញ្ចប់វាបានឬអត់។  ខ្ញុំគិតថាយើងកំពុងខិតជិតមកដល់ហើយជាងអ្វីដែលមនុស្សគ្រប់គ្នាបានដឹង»។

ប្រធានាធិបតីអាមេរិក​រូបនេះ​ បានលេីកឡេីងថា រដ្ឋបាលរបស់លោកបានទាក់ទងជាមួយទាំងរុស្ស៊ី និងអ៊ុយក្រែន ក្នុងការប៉ុនប៉ងបញ្ចប់ជម្លោះរបស់ពួកគេ ដែលក៏ស្ថិតនៅក្នុងរបៀបវារៈនៃកិច្ចប្រជុំកំពូលអង្គការណាតូ នាពេលខាងមុខផងដែរ។

លោក ដូណាល់​ ត្រាំ​ ត្រូវបានគេរំពឹងថា​ នឹងចាកចេញពីអាមេរិក សម្រាប់កិច្ចប្រជុំកំពូលអង្គការណាតូ​ នៅទីក្រុងអង់ការ៉ា ដែលគ្រោងធ្វើឡើងនៅថ្ងៃអង្គារ និងថ្ងៃពុធ​ សប្ដាហ៍នេះ៕
ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top