ការវាយប្រហាររបស់រុស្ស៊ីបានសម្លាប់មនុស្ស ២៨ នាក់នៅតំបន់ទីក្រុងគៀវ ដែលបង្ហាញពីកង្វះខាតប្រព័ន្ធការពារដែនអាកាសរបស់អ៊ុយក្រែន
បរទេស៖ មន្ត្រីបាននិយាយថា រុស្ស៊ីបានវាយប្រហារទីក្រុងគៀវ និងតំបន់ជុំវិញដោយមីស៊ីល និងយន្តហោះគ្មានមនុស្សបើកនៅព្រឹកព្រលឹមថ្ងៃចន្ទ ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ២៨ នាក់ និងបង្ហាញពីកង្វះខាតយ៉ាងធ្ងន់ធ្ងរនៃប្រព័ន្ធស្ទាក់ចាប់មីស៊ីលដែលផលិតដោយសហរដ្ឋអាមេរិកសម្រាប់អ៊ុយក្រែន។
យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦ថា ក្រុមអ្នកជួយសង្គ្រោះកំពុងជីកសាកសពពីគំនរបាក់បែកនៃអគារខ្ពស់មួយក្នុងទីក្រុងគៀវ ដោយសារតែការបាញ់ផ្លោងពេញមួយយប់។ ការវាយប្រហារចុងក្រោយនេះបានកើតឡើងនៅមុនថ្ងៃនៃកិច្ចប្រជុំកំពូលណាតូ ជាកន្លែងដែលប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ត្រូវជួបពិភាក្សាជាមួយប្រធានាធិបតីអ៊ុយក្រែន វ៉ុលដូឌីមៀរ ហ្សេលេនស្គី ក្នុងការជំរុញសន្តិភាពឡើងវិញ។
យោងតាមទិន្នន័យកងទ័ពអាកាស យោធាអ៊ុយក្រែនមិនអាចបាញ់ទម្លាក់មីស៊ីលបាលីស្ទីកចំនួន ២៣ គ្រាប់ដែលបាញ់ដោយរុស្ស៊ីបានទេ ដែលឆ្លុះបញ្ចាំងពីភាពងាយរងគ្រោះកាន់តែខ្លាំងឡើងចំពោះការវាយប្រហាររបស់ទីក្រុងមូស្គូ ខណៈដែលស្តុកប្រព័ន្ធមីស៊ីល Patriot ដ៏មានតម្លៃរបស់ខ្លួនបានអស់។
លោក ហ្សេលេនស្គី ប្រធានាធីបតីអ៊ុយក្រែន បានអង្វរសុំឲ្យមានប្រព័ន្ធស្ទាក់ចាប់ – អាវុធតែមួយគត់នៅក្នុងឃ្លាំងអាវុធរបស់អ៊ុយក្រែន ដែលអាចបាញ់ទម្លាក់គ្រាប់ផ្លោង ដែលល្បឿនលឿន និងផ្លូវហោះហើរចោតរបស់វា ធ្វើឱ្យពួកវាពិបាកបញ្ឈប់។
ថ្លែងនៅក្នុងសុន្ទរកថាវីដេអូពេលយប់របស់លោក ហ្សេលេនស្គី បាននិយាយថា វាជារឿងមិនសមហេតុផលទាល់តែសោះ ដែលនៅក្នុងពិភពសម័យទំនើប ការផលិតនៅតែមិនទាន់ត្រូវបានពង្រីកដល់កម្រិតដែលត្រូវការដើម្បីការពារមនុស្សពីភេរវកម្មផ្លោងនៅឡើយទេ។
ប្រែសម្រួលៈ ណៃ តុលា










