Feature

គោលដៅយោធារុស្ស៊ីចំនួន ៤៧​ ត្រូវបានអ៊ុយក្រែនវាយប្រហារ

គៀវ៖​ កងកម្លាំងអ៊ុយក្រែន​ បានបេីកការវាយប្រហារគោលដៅយោធារុស្ស៊ីចំនួន ៤៧ ពេញមួយយប់រហូតដល់ថ្ងៃចន្ទ នេះបើយោងតាមលោក Robert Brovdi មេបញ្ជាការកងកម្លាំងប្រព័ន្ធគ្មានមនុស្សបើករបស់អ៊ុយក្រែន។

លោកបានលេីកឡេីងថា គោលដៅទាំងនោះរួមមាននាវាដឹកប្រេងរបស់រុស្ស៊ីពីរគ្រឿងដែលដឹកជញ្ជូនប្រេងឥន្ធនៈពី Taganrog របស់រុស្ស៊ី​ ទៅកាន់ឧបទ្វីបគ្រីមៀ។ 

កងកម្លាំងអ៊ុយក្រែន​ ក៏បានវាយប្រហារឃ្លាំងប្រេងឥន្ធនៈមួយកន្លែងប្រ័ពន្ធរ៉ាដា Nebo-U និងប្រព័ន្ធបាញ់មីស៊ីលរយៈចម្ងាយឆ្ងាយ S-400 “Triumph” ចំនួនពីរគ្រឿងនៅឧបទ្វីបគ្រីមៀ និងតំបន់ Bryansk ភាគខាងលិចរបស់រុស្ស៊ី។ 

លោកបន្ដថា​ ប្រព័ន្ធបាញ់មីស៊ីល “Triumph” ត្រូវបានវាយប្រហារក្នុងអំឡុងពេលវាយប្រហារមីស៊ីលរបស់រុស្ស៊ី​ ទៅលើអ៊ុយក្រែនពេញមួយយប់។ 

ក្រសួងការពារជាតិរុស្ស៊ីបានឧ្យដឹងថា ប្រព័ន្ធការពារដែនអាកាសរបស់ខ្លួនបានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើកអ៊ុយក្រែនចំនួន ៥១៩ គ្រឿងរយៈពេលពេញមួយយប់នៅក្នុងតំបន់ចំនួន ២០ នៃប្រទេសរុស្ស៊ី ហើយកងកម្លាំងប្រដាប់អាវុធរុស្ស៊ី​ បានធ្វើការវាយប្រហារទ្រង់ទ្រាយធំមួយពេញមួយយប់លើគោលដៅទាក់ទងនឹងយោធានៅទីក្រុងគៀវ និងតំបន់អ៊ុយក្រែនផ្សេងទៀត ដោយប្រើយន្តហោះគ្មានមនុស្សបើក និងអាវុធដែលមានភាពជាក់លាក់ខ្ពស់រយៈចម្ងាយឆ្ងាយ៕

ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top