ព័ត៌មានអន្តរជាតិ

យោធាចិន បាញ់សាកល្បងមីស៊ីល ចេញពីនាវាមុជទឹកដើរ ដោយថាមពលនុយក្លេអ៊ែរ ចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក បង្កឱ្យមានការព្រួយបារម្ភពីអន្តរជាតិ

បរទេស៖ យោធាចិនកាលពីថ្ងៃចន្ទ បានបាញ់សាកល្បងមីស៊ីលមួយគ្រាប់ ចេញពីនាវាមុជទឹកដើរ ដោយថាមពលនុយក្លេអ៊ែរ ចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ ដែលបានទាក់ទាញការរិះគន់ និងការព្រួយបារម្ភពីសហរដ្ឋអាមេរិក ជប៉ុន អូស្ត្រាលី នូវែលសេឡង់ និងកោះតៃវ៉ាន់។

យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយ នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦ថា ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ ផ្លូវការបានផ្សាយថា នាវាមុជទឹកកងទ័ពជើងទឹករំដោះប្រជាជនចិន (PLA) បានបាញ់មីស៊ីលនេះ ដែលមានជាគំរូក្បាលគ្រាប់ ឆ្ពោះទៅកាន់ដែនទឹកអន្តរជាតិនៅមហាសមុទ្រប៉ាស៊ីហ្វិកនៅម៉ោង ១២:០១ រសៀល (0401 GMT)។

ស៊ីនហួរបានពិពណ៌នាអំពីការបាញ់បង្ហោះនេះថាជា “ការរៀបចំជាប្រចាំ” នៃការហ្វឹកហ្វឺនយោធាប្រចាំឆ្នាំរបស់ចិន ហើយមិនមែនសំដៅទៅលើប្រទេស ឬគោលដៅជាក់លាក់ណាមួយឡើយ។ អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី ម៉ៅ នីង បាននិយាយថា ការបាញ់បង្ហោះនេះត្រូវបានធ្វើឡើង “ដោយសុវត្ថិភាព ក្នុងលក្ខណៈស្តង់ដារ និងវិជ្ជាជីវៈពេញមួយពេល”។

លោកស្រីបានថ្លែងនៅក្នុងសន្និសីទ សារព័ត៌មានមួយនៅទីក្រុងប៉េកាំងថា “យើងសង្ឃឹមថាប្រទេសពាក់ព័ន្ធ នឹងមិនបកស្រាយហួសហេតុពេកទេ”។

ចំណែកអ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Tommy Pigott បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា សហរដ្ឋអាមេរិកបានតាមដានការបាញ់សាកល្បងរបស់ចិនពីនាវាមុជទឹកនៃមីស៊ីលផ្លោងអន្តរទ្វីប ដែលបានធ្លាក់នៅភាគខាងត្បូងនៃមហាសមុទ្រប៉ាស៊ីហ្វិក។
ប្រែសម្រួលៈ ណៃ តុលា

To Top