ព័ត៌មានអន្តរជាតិ

រុស្ស៊ីនាំចូលសាំង ពីប្រទេសបេឡារុស ក្នុងកម្រិតខ្ពស់បំផុត ដោយសារតែការវាយប្រហារ ដោយអ៊ុយក្រែន

បរទេស៖ ការនាំចូលសាំងរបស់រុស្ស៊ី ពីប្រទេសបេឡារុស បានកើនឡើងដល់កម្រិតមិនធ្លាប់មាន ពីមុនមកនៅក្នុងខែមិថុនា ខណៈដែលទីក្រុងមូស្គូប្រឈមមុខនឹងកង្វះខាតប្រេងឥន្ធនៈ ដោយសារតែការវាយប្រហារដោយអ៊ុយក្រែន។

យោងតាមសារព័ត៌មាន VN Express ចេញផ្សាយ នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦ថា ទិន្នន័យពីមជ្ឈមណ្ឌលសន្ទស្សន៍ តម្លៃរុស្ស៊ី (CPI) ដែលត្រូវបានដកស្រង់នៅថ្ងៃទី ៥ ខែកក្កដានៅក្នុងកាសែត Vedomosti ដែលមានមូលដ្ឋាននៅទីក្រុងមូស្គូ បង្ហាញថា រុស្ស៊ីបាននាំចូលសាំងចំនួន ១៤១.០០០ តោនពីប្រទេសបេឡារុសចន្លោះថ្ងៃទី ១ ដល់ថ្ងៃទី ២៥ ខែមិថុនា។

តួលេខនេះខ្ពស់ជាងបរិមាណសាំងសរុបដែលនាំចូលពីប្រទេសបេឡារុសក្នុងខែឧសភាចំនួន ២,៤ ដង។ ក្នុងអំឡុងពេលដូចគ្នាកាលពីឆ្នាំមុន ប្រទេសបេឡារុសបាននាំចេញសាំងប្រហែល ១.០០០ តោនទៅកាន់ប្រទេសរុស្ស៊ីប៉ុណ្ណោះ ។ Vedomosti បានសរសេរថា ប្រទេសបេឡារុសបានបង្វែរទៅប្រទេសរុស្ស៊ី នូវផ្នែកមួយនៃសាំងដែលដើមឡើយមានបំណងនាំចេញទៅកាន់ប្រទេសអាស៊ីកណ្តាល។

នៅថ្ងៃទី ១ ខែកក្កដា កាសែតរុស្ស៊ី Kommersant បានរាយការណ៍ថា តម្លៃសាំងនៅបេឡារុសនៅលើផ្សារហ៊ុនអន្តរជាតិ St. Petersburg បានកើនឡើង ១,៨ ដងចាប់តាំងពីដើមខែឧសភា។
ប្រែសម្រួលៈ ណៃ តុលា

To Top