អូស្ត្រាលី សន្យាពង្រឹងចំណងមិត្តភាព ជាមួយកោះសូឡូម៉ុន ចំពេលមានក្តីបារម្ភពីចិន
បរទេស៖ ប្រទេសអូស្ត្រាលី និងកោះសូឡូម៉ុន បានឱ្យដឹងនៅថ្ងៃអង្គារថា ពួកគេកំពុងបង្កើនទំនាក់ទំនងទ្វេភាគី មួយថ្ងៃបន្ទាប់ពីប្រទេសចិន បានសាកល្បងមីស៊ីល ផ្លោងអន្តរទ្វីបចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ដែលជាចលនាមួយ ដែលអ្នកវិភាគនិយាយថា អាចធ្វើឱ្យការប្រកួតប្រជែងជាយុទ្ធសាស្ត្រកាន់តែខ្លាំង ឡើងនៅក្នុងតំបន់។
យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ០២២៦ថា នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese ដែលបាន មកដល់រដ្ឋធានី Honiara នៃកោះសូឡូម៉ុន នៅថ្ងៃអង្គារនេះ និងត្រូវបានស្វាគមន៍ ដោយនាយករដ្ឋមន្ត្រី ជាប់ឆ្នោតថ្មី លោក Matthew Wale បាននិយាយថា ប្រទេសទាំងពីរបានយល់ ព្រមបន្តការចរចាលើសន្ធិសញ្ញាទូលំទូលាយថ្មីមួយ។
លោក Albanese បាននិយាយនៅក្នុងសារមួយ នៅលើ X ពីទីក្រុង Honiara នៃកោះសូឡូម៉ុន ដែលជាផ្នែកមួយ នៃដំណើរទស្សនកិច្ចប៉ាស៊ីហ្វិកថា “អូស្ត្រាលី និងកោះសូឡូម៉ុនកំពុងបង្កើនភាពជាដៃគូរបស់យើង”។
លោក Albanese បានបន្ថែមថា “ដោយសារតែសន្តិសុខ របស់អូស្ត្រាលីចាប់ផ្តើមនៅមហាសមុទ្រប៉ាស៊ីហ្វិក ហើយយើងនឹងបង្ហាញខ្លួនជានិច្ចសម្រាប់ប្រទេស ជិតខាងរបស់យើង”។
រីឯប្រទេសចិនវិញ កាលពីថ្ងៃចន្ទបានសាកល្បងមីស៊ីលផ្លោងអន្តរទ្វីប ពីនាវាមុជទឹកដើរដោយ ថាមពលនុយក្លេអ៊ែរនៅមហាសមុទ្រប៉ាស៊ីហ្វិក ដែលជាការសាកល្បងលើកដំបូងរបស់ខ្លួនចាប់តាំងពីឆ្នាំ ២០២៤ ដែលទាក់ទាញការព្រួយបារម្ភពីសហរដ្ឋអាមេរិក អូស្ត្រាលី ជប៉ុន នូវែលសេឡង់ និងកោះតៃវ៉ាន់។
លោក Joseph Wu អគ្គលេខាធិការនៃក្រុមប្រឹក្សាសន្តិសុខជាតិតៃវ៉ាន់ បានបង្ហោះរូបភាពមួយនៅលើបណ្តាញសង្គម ដែលបង្ហាញពីមីស៊ីលហោះពីលើប្រទេសហ្វីលីពីន ហើយធ្លាក់នៅចន្លោះប្រទេសតុងហ្គា និងកោះណូរូ ចម្ងាយប្រហែល ១.០០០ គីឡូម៉ែត្រ ពីកោះសូឡូម៉ុន។
ប្រែសម្រួលៈ ណៃ តុលា










