ព័ត៌មានអន្តរជាតិ

ចំនួនអ្នកស្លាប់ ដោយសារការបាក់ដី នៅភាគពាយ័ព្យ ប្រទេសចិន កើនឡើងដល់ ២១ នាក់ ខណៈប្រតិបត្តិការ ជួយសង្គ្រោះបានបញ្ចប់

បរទេស៖ ចំនួនអ្នកស្លាប់ដោយសារការរអិលបាក់ដី នៅភាគពាយ័ព្យប្រទេសចិន បានកើនឡើងដល់ ២១នាក់ហើយ នេះបើយោងតាមការចុះផ្សាយ របស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ចិន នៅថ្ងៃពុធ បន្ទាប់ពីប្រតិបត្តិការជួយសង្គ្រោះ នៅកន្លែងកើតហេតុបានបញ្ចប់។

យោងតាមសារព័ត៌មាន AP ចេញផ្សាយ នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦ថា ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរផ្លូវការ បានរាយការណ៍ថា ការរអិលបាក់ដីនេះ មុនម៉ោង ៧ ព្រឹកថ្ងៃអង្គារ បានកប់មនុស្សចំនួន ៣៣នាក់ នៅក្នុងឃុំណានហឺ នៃទីក្រុងឡុងណាន ក្នុងខេត្តហ្គានស៊ូ ។ ទូរទស្សន៍រដ្ឋ CCTV បានរាយការណ៍ថា មនុស្សទាំងអស់ ដែលជាប់គាំង ត្រូវបានទាញចេញនៅព្រឹកថ្ងៃពុធ ដោយក្នុងចំណោមពួកគេមាន ៧នាក់រងរបួសស្រាល។ ទូរទស្សន៍ CCTV បានផ្សាយថា មនុស្ស ៥នាក់ផ្សេងទៀតមិនមានរបួសទេ។

មូលហេតុនៃការរអិលបាក់ដីមិនទាន់ច្បាស់លាស់ភ្លាមៗនោះទេ ។ រូបថត និងវីដេអូដែលបានបង្ហោះតាមអ៊ីនធឺណិតដោយ CCTV កាលពីថ្ងៃអង្គារ បានបង្ហាញម៉ាស៊ីនជីកដី៣គ្រឿង និងអ្នកជួយសង្គ្រោះនៅលើគំនរដី។ មេឃហាក់ដូចជាមានពន្លឺថ្ងៃ និងស្រឡះ។

To Top