គុយបា រិះគន់គោលនយោបាយ ទណ្ឌកម្មរបស់អាមេរិក ប្រឆាំងនឹងគុយបា នៅមហាសន្និបាតអង្គការសហប្រជាជាតិ
អង្គការសហប្រជាជាតិ៖ រដ្ឋមន្ត្រីការបរទេសគុយបា លោក Bruno Rodriguez បានចោទប្រកាន់រដ្ឋាភិបាលសហរដ្ឋអាមេរិកថា បានធ្វើ “សង្គ្រាមពហុវិមាត្រ មិនមែនធម្មតា” ប្រឆាំងនឹងគុយបា ដែលលោកបានលើកឡើងថា មានរយៈពេលជិត ៧ទសវត្សរ៍មកហើយ និង “កាន់តែឃោរឃៅ និងឃោរឃៅជាងនេះ ទៅទៀតក្នុងរយៈពេល ៧ខែចុងក្រោយនេះ”។
ថ្លែងក្នុងអំឡុងពេលជជែកពិភាក្សារបស់មហាសន្និបាតអង្គការសហប្រជាជាតិ (UNGA) ស្តីពី “ភាពចាំបាច់នៃការបញ្ចប់ការហាមឃាត់សេដ្ឋកិច្ច ពាណិជ្ជកម្ម និងហិរញ្ញវត្ថុ ដែលដាក់ដោយ សហរដ្ឋអាមេរិកប្រឆាំងនឹងគុយបា” លោក Rodriguez បានលើកឡើងថា ការគំរាមកំហែងឈ្លានពាន ផ្នែកយោធាត្រូវបានធ្វើឡើងម្តងហើយម្តងទៀតដោយមន្ត្រីជាន់ខ្ពស់នៃរដ្ឋបាលសហរដ្ឋអាមេរិក។
បន្ថែមពីលើការបិទផ្លូវសេដ្ឋកិច្ច ពាណិជ្ជកម្ម និងហិរញ្ញវត្ថុ របស់សហរដ្ឋអាមេរិក លោកបានឲ្យដឹងថា មានសកម្មភាពដែលមិនធ្លាប់មាន ពីមុនមកដែលមានលក្ខណៈហួសហេតុ ដែលមានបំណងបង្កឱ្យមានវិបត្តិមនុស្សធម៌ និងការធ្វើឱ្យប្រទេសមានអស្ថិរភាពទាំងស្រុង។
នៅពេលចាប់ផ្តើមនៃការជជែកពិភាក្សា លោក Jeffrey Bartos តំណាងសហរដ្ឋអាមេរិកប្រចាំអង្គការសហប្រជាជាតិ សម្រាប់ការគ្រប់គ្រង និងកំណែទម្រង់អង្គការសហប្រជាជាតិ បានជំទាស់យ៉ាងខ្លាំង ចំពោះការធ្វើការជជែកពិភាក្សា លើកទីពីរលើប្រធានបទនេះ ដែលត្រូវបានកោះប្រជុំរួចហើយជាផ្នែកមួយនៃការងារប្រចាំឆ្នាំរបស់ UNGA ក្នុងខែតុលា ឆ្នាំ២០២៥ ។ លោកបានថ្កោលទោសវាថា ជាការប្រើប្រាស់ថវិកាអង្គការ សហប្រជាជាតិ ដោយ «ខ្ជះខ្ជាយ» ហើយបន្ទាប់មកបានអំពាវនាវ ឱ្យមានការបោះឆ្នោតជាកំណត់ត្រា លើថាតើត្រូវបើករបៀបវារៈឡើងវិញឬអត់។
បន្ទាប់មក UNGA បានអនុម័តសំណើមួយ ដើម្បីបន្តការជជែកពិភាក្សា ដោយមានសំឡេងគាំទ្រ ១៣៦ សំឡេង ប្រឆាំង ៩ សំឡេង និងអនុប្បវាទ ៣០ សំឡេង។ នៅក្នុងសុន្ទរកថា របស់លោក លោក Rodriguez បានបន្ដថា ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ការខូចខាតផ្នែកមនុស្សធម៌ ដល់ប្រជាជនគុយបា បានកើនឡើង ដែលនាំឱ្យមានការធ្លាក់ចុះនៃគុណភាពជីវិត ការកាត់បន្ថយមធ្យោបាយចិញ្ចឹមជីវិត ការកំណត់សក្តានុពល សម្រាប់ការអភិវឌ្ឍផ្ទាល់ខ្លួន គ្រួសារ និងសង្គម និងការរំលោភបំពានយ៉ាងធ្ងន់ធ្ងរ ជាក់ស្តែង និងជាប្រព័ន្ធលើសិទ្ធិមនុស្សរបស់ប្រជាជនទាំងមូល «ក្នុងទង្វើនៃការដាក់ទណ្ឌកម្មរួមគ្នា»៕
ប្រែសម្រួល ឈូក បូរ៉ា










