ព័ត៌មានអន្តរជាតិ

អ៊ីស្រាអែល ច្រានចោលការចោទ ប្រកាន់របស់តួកគីថា ធ្វើឲ្យខូចផ្លូវការទូត រវាងអាមេរិក និងអ៊ីរ៉ង់

យេរូសាឡឹម៖ ការិយាល័យរបស់លោកបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយ នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានជួបសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតី អាមេរិកលោក ដូណាល់ ត្រាំ ដែលក្នុងអំឡុងពេលនោះ អ្នកទាំងពីរបានយល់ព្រមបន្តការ សម្របសម្រួលរវាងប្រទេសរបស់ពួកគេ «លើវិស័យផ្សេងៗ»  ។

សេចក្តីថ្លែងការណ៍នេះបានឲ្យដឹងថា ក្នុងអំឡុងពេលនៃការសន្ទនា លោក ត្រាំ បានជម្រាបជូនលោក ណេតាន់យ៉ាហ៊ូ អំពីសកម្មភាពរបស់សហរដ្ឋអាមេរិកនៅក្នុងឈូងសមុទ្រ ដោយមិនបានពន្យល់លម្អិត។ ទន្ទឹមនឹងនេះ លោក ណេតាន់យ៉ាហ៊ូ បានលើកឡើងពី «ភាពធ្ងន់ធ្ងរ» នៃការកត់សម្គាល់របស់ប្រធានាធិបតីតួកគី លោក Recep Tayyip Erdogan និងជំនួយការរបស់លោកទាក់ទងនឹងអ៊ីស្រាអែល ដោយមិនបានបញ្ជាក់ថា លោក ណេតាន់យ៉ាហ៊ូ សំដៅទៅលើការកត់សម្គាល់របស់លោកមួយណានោះទេ។

មន្ត្រីអ៊ីស្រាអែលថ្មីៗនេះបានរិះគន់ លោក Recep Tayyip Erdogan ចំពោះការចោទប្រកាន់អ៊ីស្រាអែលថា បានធ្វើឱ្យខូចដល់ការទូតអាមេរិក-អ៊ីរ៉ង់ និងចំពោះការហៅរដ្ឋាភិបាលរបស់ខ្លួនថា «ញៀនសង្គ្រាម»។ អ៊ីស្រាអែលក៏បានសម្តែងការព្រួយបារម្ភអំពីលទ្ធភាពនៃការលក់យន្តហោះចម្បាំង F-35 របស់សហរដ្ឋអាមេរិកទៅឱ្យប្រទេសតួកគី។

ការហៅទូរស័ព្ទនេះបានកើតឡើង នៅពេលដែលសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានផ្លាស់ប្តូរការវាយប្រហារថ្មីៗ ចាប់ពីយប់ថ្ងៃអង្គារដល់ថ្ងៃព្រហស្បតិ៍ ដែលជាសញ្ញានៃការកើនឡើងនៃភាពតានតឹងថ្មី។ ដោយចោទប្រកាន់ថាជាការឆ្លើយតបទៅនឹងការវាយប្រហារថ្មីៗរបស់អ៊ីរ៉ង់លើនាវាពាណិជ្ជកម្មដែលឆ្លងកាត់ច្រកសមុទ្រហ័រមូស សហរដ្ឋអាមេរិក បានបើកការវាយប្រហារប្រឆាំងនឹងគោលដៅជាច្រើននៅក្នុងប្រទេសអ៊ីរ៉ង់ ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ដែលបណ្តាលឲ្យមានអ្នកស្លាប់ និងខូចខាតហេដ្ឋារចនាសម្ព័ន្ធ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top