ព័ត៌មានអន្តរជាតិ

វិមានក្រឹមឡាំង ៖ ទស្សនៈរបស់សហរដ្ឋអាមេរិក លើការកើនឡើង នៃភាពតានតឹងនៅអ៊ុយក្រែន ឆ្លុះបញ្ចាំងពីការវិនិច្ឆ័យខុស

មូស្គូ៖ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានឲ្យដឹងថា រុស្ស៊ីចាត់ទុកសេចក្តីថ្លែងការណ៍ របស់សហរដ្ឋអាមេរិក ដែលបង្ហាញថា ការកើនឡើងនៃការវាយប្រហាររបស់អ៊ុយក្រែន លើហេដ្ឋារចនាសម្ព័ន្ធរុស្ស៊ីនឹងជួយនាំមកនូវការដោះស្រាយដោយសន្តិវិធីថាជាការឆ្លុះបញ្ចាំងពី “ការវិនិច្ឆ័យខុស”។

លោក Peskov បានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានមួយថា “ការកើនឡើងនៃភាពតានតឹង និងសកម្មភាពតាមបណ្តោយខ្សែបន្ទាត់នៃការកើនឡើងនឹងមិនរួមចំណែកដល់ដំណើរការសន្តិភាពនោះទេ” ដោយបន្ថែមថាការកើនឡើងបន្ថែមទៀតអាចអូសបន្លាយជម្លោះ។

ការកត់សម្គាល់របស់លោក Peskov បានកើតឡើងបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងរដ្ឋមន្ត្រីការបរទេស លោក Marco Rubio បានធ្វើអត្ថាធិប្បាយលើការប្រយុទ្ធគ្នាកាន់តែខ្លាំងឡើងរវាងរុស្ស៊ី និងអ៊ុយក្រែន ក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់ពួកគេទៅកាន់ទីក្រុងអង់ការ៉ា កាលពីថ្ងៃពុធ។

លោក Peskov បានលើកឡើងថា ទីក្រុងមូស្គូមើលឃើញពីភាពពីរកម្រិតនៅក្នុងជំហររបស់ទីក្រុងវ៉ាស៊ីនតោន។ លោកបានកត់សម្គាល់ថា ខណៈពេលដែលសហរដ្ឋអាមេរិកបន្តផ្គត់ផ្គង់អាវុធ និងបច្ចេកវិទ្យាយោធាដល់ទីក្រុងគៀវ ខ្លួនក៏បានរក្សាបំណងប្រាថ្នារបស់ខ្លួនក្នុងការជួយជំរុញដំណើរការសន្តិភាពផងដែរ។

លោកបានបន្ដថា រុស្ស៊ីជឿជាក់លើបំណងប្រាថ្នាចង់មានភាពស្មោះត្រង់ ហើយស្វាគមន៍វា ដោយបន្ថែមថា ទីក្រុងមូស្គូសង្ឃឹមថា ទីក្រុងវ៉ាស៊ីនតោននឹងបន្តកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនលើបញ្ហាអ៊ុយក្រែន បន្ទាប់ពីដោះស្រាយស្ថានការណ៍ជុំវិញអ៊ីរ៉ង់។

ក្នុងបទសម្ភាសន៍ដាច់ដោយឡែកមួយជាមួយគេហទំព័រព័ត៌មានរុស្ស៊ី Vesti លោក Peskov បានបន្ថែមថា ការកំណត់រុស្ស៊ីរបស់អង្គការណាតូថាជាការគំរាមកំហែង គឺជាលក្ខណៈប្រឈមមុខដាក់គ្នា ហើយទាមទារឱ្យរុស្ស៊ី បន្តពង្រឹងសមត្ថភាពបច្ចេកវិទ្យា និងសេដ្ឋកិច្ចរបស់ខ្លួន ខណៈពេលដែលការពារផលប្រយោជន៍ជាតិរបស់ខ្លួន៕
ប្រែសម្រួល ឈូក បូរ៉ា

To Top