ឆេះរោងចក្រស្បែកជើង នៅខេត្ត ហ្វូជានប្រទេសចិន បណ្តាលឱ្យស្លាប់២៨នាក់ និងមនុស្ស ២១៣ នាក់ត្រូវបានជម្លៀសចេញពីរោងចក្រ
បរទេស៖ យ៉ាងហោចណាស់មានមនុស្ស ២៨ នាក់បានស្លាប់នៅក្នុងអគ្គីភ័យ នៅរោងចក្រស្បែកជើងមួយកន្លែង នៅភាគអាគ្នេយ៍ប្រទេសចិន កាលពីថ្ងៃព្រហស្បតិ៍, នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរដ្ឋស៊ីនហួ បន្ទាប់ពីអណ្តាតភ្លើង បានឆាបឆេះអគារច្រើនជាន់ ដែលធ្វើឱ្យកម្មករជាប់នៅលើដំបូល ។
យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ថា អគ្គីភ័យបានឆាបឆេះនៅពេលថ្ងៃត្រង់ នៅក្នុងទីក្រុងជីនជាំង ខេត្តហ្វូជាន នៅរោងចក្រផលិតស្បែកជើងហ៊ុយតេង។
សារព័ត៌មានរបស់ចិនស៊ីនហួបានផ្សាយថា មនុស្សសរុបចំនួន ២៣៩ នាក់ នៅរោងចក្រនៅពេលដែលអគ្គីភ័យបានឆាបឆេះ។ ទីភ្នាក់ងារសារព័ត៌មាននេះបានឱ្យដឹងថា មនុស្សចំនួន ២១៣ នាក់ ត្រូវបានជម្លៀសចេញ ដែលពីរនាក់ បានស្លាប់បន្ទាប់ពីត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ដើម្បីព្យាបាល។ មនុស្ស ២៦ នាក់ផ្សេងទៀតដែលបានរាយការណ៍ដំបូងថា បានបាត់ខ្លួននៅកន្លែងកើតហេតុ នៅពេលនេះត្រូវបានបញ្ជាក់ថាស្លាប់។
ប្រធានាធិបតីចិនលោកស៊ី ជីនពីង បានចេញការណែនាំដោយជំរុញ ឱ្យមានកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះយ៉ាងពេញទំហឹង។ លោកបាននិយាយថា អគ្គីភ័យនេះបាន “បណ្តាលឱ្យមានអ្នកស្លាប់ និងរបួសយ៉ាងច្រើន” ហើយវាបានកើតឡើង បន្ទាប់ពីគ្រោះថ្នាក់ដ៏សាហាវមួយចំនួន នៅឯរោងចក្រផលិត នៅក្នុងប្រទេស ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ។ លោកស៊ី បានអំពាវនាវដល់អាជ្ញាធរ ឱ្យទទួលខុសត្រូវយ៉ាងតឹងរ៉ឹង ចំពោះអ្នកដែលទទួលខុសត្រូវ។
ប្រែសម្រួលៈ ណៃ តុលា









