សហរដ្ឋអាមេរិក ដាក់តឿនឱ្យម្ចាស់រថយន្ត Kia ចំនួន ៤៦៣.០០០គ្រឿង ឱ្យចតរថយន្តនៅខាងក្រៅ ដោយសារហានិភ័យនៃអគ្គីភ័យ
បរទេស៖ រដ្ឋបាលសុវត្ថិភាពចរាចរណ៍ផ្លូវហាយវេ ជាតិសហរដ្ឋអាមេរិក (NHTSA)បានជំរុញឱ្យម្ចាស់រថយន្ត Kia ចំនួន ៤៦៣.០០០ គ្រឿង ដែលបើករថយន្ត SUV ប្រភេទ Crossover ថ្មី ត្រូវចតនៅខាងក្រៅ ដោយសារតែហានិភ័យនៃអគ្គីភ័យរហូតដល់ការជួសជុលថ្មីត្រូវបានបញ្ចប់។
យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ថា ក្រុមហ៊ុន Kia បានឱ្យដឹងថា ខ្លួននឹងប្រមូលរថយន្តប្រភេទ Crossover Telluride ចំនួន ៤៦៣.០០០ គ្រឿងនៅសហរដ្ឋអាមេរិកចាប់ពីឆ្នាំ ២០២០ ដល់ឆ្នាំ ២០២៤ ដោយសារតែម៉ូទ័រកៅអីខាងមុខអាចឡើងកំដៅខ្លាំង ដែលអាចបណ្តាលឱ្យកើតជាអគ្គីភ័យ។
រដ្ឋបាលសុវត្ថិភាពចរាចរណ៍ផ្លូវហាយវេជាតិសហរដ្ឋអាមេរិក បាននិយាយថា រថយន្តទាំងនេះត្រូវបានប្រមូលមកវិញនៅក្នុងឆ្នាំ ២០២៤ សម្រាប់បញ្ហាដូចគ្នា ហើយត្រូវតែចតនៅខាងក្រៅឱ្យឆ្ងាយពីអគារ និងយានយន្តផ្សេងទៀតរហូតដល់ការជួសជុលថ្មីត្រូវបានបញ្ចប់។
បើយោងតាម NHTSA គឺក្រុមហ៊ុន Kia បានដឹងពីការឆេះកៅអី ចំនួនប្រាំពីរ និងម៉ូទ័រកៅអីចំនួន ១១ ហើយនឹងជូនដំណឹងដល់ម្ចាស់ ដែលរងផលប៉ះពាល់ចាប់ពីថ្ងៃទី ១៣ ខែសីហា ដើម្បីកំណត់ពេលជួសជុល នៅក្រុមហ៊ុនចែកចាយក្នុងស្រុករបស់ពួកគេ។
ទីភ្នាក់ងារនេះក៏បានជំរុញឱ្យម្ចាស់ រថយន្តចតនៅខាងក្រៅបន្ទាប់ពីការហៅមកវិញ លើកដំបូងនៅឆ្នាំ ២០២៤។
NHTSA បាននិយាយថា ប្រសិនបើគម្របរអិលកៅអីខាងមុខ ឬប៊ូតុងត្រូវបានបុក ឬប៉ះដោយចៃដន្យ កុងតាក់អាចនឹងរបូតចេញ មិនត្រង់ ឬខូចខាត ដែលនាំឱ្យមានប្រតិបត្តិការជាបន្តបន្ទាប់ និងការឡើងកំដៅខ្លាំងនៃម៉ូទ័រកៅអី។ អគ្គីភ័យអាចកើតឡើងនៅពេលដែលយានយន្តកំពុងចត ឬកំពុងបើកបរ។
ប្រែសម្រួលៈ ណៃ តុលា










