លោក ណេតាន់យ៉ាន់ហ៊ូ ប្ដេជ្ញាទប់ស្កាត់អ៊ីរ៉ង់ ពីការទទួលបានអាវុធនុយក្លេអ៊ែរ
យេរូសាឡឹម៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានឲ្យដឹងថា អ៊ីស្រាអែល នឹងមិនអនុញ្ញាតឱ្យអ៊ីរ៉ង់ ទទួលបានអាវុធនុយក្លេអ៊ែរនោះទេ ហើយនឹងពង្រីកការផលិតអាវុធក្នុងស្រុក ដើម្បីកាត់បន្ថយការពឹងផ្អែក លើការទិញពីបរទេស។
លោក ណេតាន់យ៉ាហ៊ូ បានថ្លែងនៅក្នុងពិធីប្រគល់សញ្ញាបត្រ ដល់អ្នកបើកយន្តហោះកងទ័ពអាកាសថា “គោលនយោបាយរបស់យើងគឺច្បាស់លាស់ ដោយមានកិច្ចព្រមព្រៀង ឬគ្មានកិច្ចព្រមព្រៀង អ៊ីរ៉ង់នឹងមិនមានអាវុធនុយក្លេអ៊ែរនោះទេ”។
ប្រសិនបើសហរដ្ឋអាមេរិក និងអ៊ីស្រាអែល មិនបានបើកការវាយប្រហារលើអ៊ីរ៉ង់ទេ “អ៊ីរ៉ង់នឹងបានប្រដាប់អាវុធដោយខ្លួនឯង” លោកបានលើកឡើងថា ដោយសំដៅទៅលើការចោទប្រកាន់របស់អ៊ីស្រាអែលថា អ៊ីរ៉ង់កំពុងស្វែងរកអាវុធនុយក្លេអ៊ែរ ដែលអ៊ីរ៉ង់ បានបដិសេធ។ លោក ណេតាន់យ៉ាហ៊ូ ក៏បានប្រកាសពីផែនការបន្ថែមថវិកាការពារជាតិចំនួន ៣៥០ ពាន់លានសេកែល (ប្រហែល ១១៦ ពាន់លានដុល្លារអាមេរិក) ក្នុងរយៈពេលមួយទសវត្សរ៍ខាងមុខ។
លោកបានបន្ដថា “ផ្នែកធំមួយ នៃថវិកានេះនឹងទៅកងទ័ពអាកាស ប៉ុន្តែនៅក្នុងនោះ យើងក៏នឹងអភិវឌ្ឍឧស្សាហកម្ម គ្រាប់រំសេវផលិតដោយអ៊ីស្រាអែលយ៉ាងទូលំទូលាយផងដែរ” ដោយបន្ថែមថា ចលនានេះនឹង “កាត់បន្ថយការពឹង ផ្អែកលើការទិញពីបរទេស”។ ការកត់សម្គាល់នេះបានកើត ឡើងនៅពេលដែលសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បានផ្លាស់ប្តូរការវាយប្រហារថ្មី ដោយប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានលើកឡើងថា កិច្ចព្រមព្រៀងជាមួយទីក្រុងតេអេរ៉ង់ គឺបាន «ចប់ហើយ»។
មេបញ្ជាការយោធា អ៊ីស្រាអែល លោក Eyal Zamir បានឲ្យដឹងថា អ៊ីស្រាអែល «កំពុងតាមដានយ៉ាងដិត ដល់នូវការវិវត្តនៅក្នុងប្រទេសអ៊ីរ៉ង់ និងលីបង់ ហើយត្រៀមខ្លួនរួចជាស្រេច សម្រាប់សកម្មភាពភ្លាមៗ» ខណៈដែលរដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Israel Katz ក៏បានឲ្យដឹងផងដែរថា យោធា «មានការប្រុងប្រយ័ត្ន និងត្រៀមខ្លួនរួចជាស្រេច សម្រាប់ការបន្តយុទ្ធនាការនេះ»។










