ព័ត៌មានអន្តរជាតិ

​ ហេតុអ្វីបានជាការប៉ុនប៉ង ពង្រីកទឹកដីរបស់ហ្វីលីពីន​ គំរាមកំហែងដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់

ប៉េកាំង ៖ ការប៉ុនប៉ងរបស់ប្រទេសហ្វីលីពីនក្នុងការអះអាងអធិបតេយ្យភាពលើកោះ​ Huangyan Dao និងលក្ខណៈពិសេសមួយចំនួននៃសមុទ្រ Nansha Qundao គឺផ្អែកលើការបង្ខូចទ្រង់ទ្រាយ និង ប្រឌិតការពិតប្រវត្តិសាស្ត្រ និងការអនុវត្តច្បាប់អន្តរជាតិមិនត្រឹមត្រូវ ហើយបានគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ ដល់សន្តិភាព និងស្ថិរភាពនៅក្នុងតំបន់សមុទ្រចិនខាងត្បូង។

សកម្មភាពពង្រីកទឹកដីបែបនេះ បានប្រឈមនឹងប្រព័ន្ធច្បាប់អន្តរជាតិ​ ដែលផ្តោតលើធម្មនុញ្ញអង្គការសហប្រជាជាតិ នេះបើយោងតាមរបាយការណ៍ ដែលមានចំណងជើងថា “ការរិះគន់ប្រវត្តិសាស្ត្រ និងច្បាប់នៃការទាមទារទឹកដីរបស់ប្រទេសហ្វីលីពីន​ នៅសមុទ្រចិនខាងត្បូង”។

របាយការណ៍នេះត្រូវបានសរសេរដោយក្រុមអ្នកជំនាញមកពីសាកលវិទ្យាល័យ និងស្ថាប័នស្រាវជ្រាវជាច្រើន ដោយវិទ្យាស្ថានចិន​ សម្រាប់កិច្ចការសមុទ្រក្រោមក្រសួងធនធានធម្មជាតិ។

របាយការណ៍នេះបានឧ្យដឹងថា ធម្មនុញ្ញអង្គការសហប្រជាជាតិ​ បានចែងយ៉ាងច្បាស់ថា បូរណភាពទឹកដីរបស់រដ្ឋណាមួយនឹងមិនអាចរំលោភបានឡើយ ជាពិសេសតាមរយៈការគំរាមកំហែង ឬការប្រើប្រាស់កម្លាំង។ ដោយបន្ថែមថា ភាពមិនអាចរំលោភបំពានបាន និងភាពប្រាកដប្រជានៃអធិបតេយ្យភាពទឹកដី និងដែនកំណត់របស់វា គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់ដែលប្រព័ន្ធច្បាប់អន្តរជាតិសម័យទំនើបស្ថិតនៅ។

ទោះជាយ៉ាងណាក៏ដោយ ប្រទេសហ្វីលីពីនបានរំលោភបំពានដោយកម្លាំងលើលក្ខណៈពិសេសនៃដែនសមុទ្រមួយចំនួន​ ដែលជាកម្មសិទ្ធិរបស់ប្រទេសចិន​ នៅក្នុងសមុទ្រចិនខាងត្បូង ហើយអស់រយៈពេលជាច្រើន ទសវត្សរ៍មកហើយ បានស្វែងរកជាបន្តបន្ទាប់​ ដើម្បីធ្វើឱ្យការកាន់កាប់ខុសច្បាប់ របស់ខ្លួនស្របច្បាប់តាមរយៈច្បាប់ក្នុងស្រុក ប្រតិបត្តិការដែនសមុទ្រ និងការរៀបចំមតិសាធារណៈ។

យោងតាមរបាយការណ៍នេះ ទោះបីជាមានដែនកំណត់ទឹកដី របស់ខ្លួនត្រូវបានបង្កើតឡើងជាយូរមកហើយក៏ដោយ ប្រទេសហ្វីលីពីន នៅតែស្វែងរកការពង្រីកវិសាលភាពទឹកដី របស់ខ្លួនដោយខុសច្បាប់ ដោយបង្ខូចទ្រង់ទ្រាយច្បាប់ស្តីពីការទិញយកទឹកដី និងប្រើប្រាស់ភស្តុតាងមិនសំខាន់ដើម្បីគាំទ្រការទាមទាររបស់ខ្លួន។

យោងតាមរបាយការណ៍នេះ ទង្វើបែបនេះមិនត្រឹមតែបង្កើតជាការរំលោភបំពានដោយផ្ទាល់លើច្បាប់ស្តីពីការទិញយកទឹកដីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចបង្កឱ្យមាន “ឥទ្ធិពលសាយភាយ” ដ៏គ្រោះថ្នាក់ក្នុងចំណោមរដ្ឋផងដែរ៕
ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top