តម្លៃប្រេងឡើងថ្លៃ ៣% បន្ទាប់ពីអាមេរិក និងអ៊ីរ៉ង់ បង្កើនការវាយប្រហារ នៅមជ្ឈិមបូព៌ា
បរទេស៖ តម្លៃប្រេងបានហក់ឡើងខ្ពស់នៅថ្ងៃច័ន្ទ ដោយសារអ៊ីរ៉ង់ បានពង្រីកការវាយប្រហារលើបណ្តារដ្ឋនៅក្នុងតំបន់ឈូងសមុទ្រ បន្ទាប់ពីការវាយប្រហារ ដោយសហរដ្ឋអាមេរិក ដែលការណ៍នេះបានគំរាមកំហែងដល់ការ ដឹកជញ្ជូនថាមពលតាមរយៈច្រកសមុទ្រ Hormuz។
យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ថា តម្លៃប្រេងឆៅប្រភេទ Brent (Brent crude futures) បានកើនឡើង ២,៣៤ ដុល្លារ ឬ ៣,០៨ ភាគរយ ឡើងដល់ ៧៨,៣៥ ដុល្លារ ខណៈដែលប្រេងឆៅប្រភេទ West Texas Intermediate របស់សហរដ្ឋអាមេរិក (WTI) បានកើនឡើង ២,២១ ដុល្លារ ឬ ៣,០៩ ភាគរយ ឡើងដល់ ៧៣,៦២ ដុល្លារក្នុងមួយបារ៉ែល។
កាលពីចុងសប្តាហ៍ ទីក្រុងតេហេរ៉ង់ បានពង្រីកការវាយប្រហារទៅលើប្រទេសកាតា និងសហអារ៉ាប់រួម ខណៈដែលសហរដ្ឋអាមេរិក បានបើកការវាយប្រហារបន្ថែមទៀតលើអ៊ីរ៉ង់ ដែលនេះជាព្រឹត្តិការណ៍ចុងក្រោយបំផុតនៅក្នុងវដ្តនៃការវាយប្រហារ និងការវាយបកតបតវិញជុំវិញការដឹកជញ្ជូនតាមនាវាកាត់តាមច្រកសមុទ្រនេះ។
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃអាទិត្យថា ច្រកសមុទ្រ Hormuz គឺនៅតែបើកចំហសម្រាប់ចរាចរណ៍ពាណិជ្ជកម្ម ទោះបីជាអ៊ីរ៉ង់បានប្រកាសពីមុនថា ខ្លួនបានបិទច្រកសមុទ្រនេះ បន្ទាប់ពីកប៉ាល់មួយគ្រឿងបានធ្វើដំណើរតាមផ្លូវដែលមិនបានអនុញ្ញាត ហើយត្រូវបានវាយប្រហារក៏ដោយ។
ទិន្នន័យតាមដានកប៉ាល់ពីក្រុមហ៊ុន Kpler បានបង្ហាញថា មានកប៉ាល់ចំនួនតែ ៦ គ្រឿងប៉ុណ្ណោះដែលបានឆ្លងកាត់ច្រកសមុទ្រនេះកាលពីថ្ងៃអាទិត្យ ដែលនេះជាចំនួនទាបបំផុតក្នុងរយៈពេល ៥ សប្តាហ៍ចុងក្រោយ។
ប្រែសម្រួលៈ ណៃ តុលា









