ព័ត៌មានអន្តរជាតិ

ភ្លើងឆេះព្រៃដ៏កាចសាហាវ បំផុតមិនធ្លាប់មាននៅក្នុងប្រទេសអេស្ប៉ាញ បណ្តាលឱ្យមនុស្សស្លាប់១៣នាក់ និងដុតបំផ្លាញផ្ទៃដីអស់ជាង ៧,០០០ ហិកតា

បរទេស៖ រដ្ឋាភិបាលក្នុង តំបន់បាននិយាយកាលពីយប់ថ្ងៃអាទិត្យថា ស្ត្រីជនជាតិអង់គ្លេសម្នាក់បានទទួលមរណភាព ដោយសាររងរបួសនៅ ក្នុងគ្រោះអគ្គិភ័យឆាបឆេះព្រៃ ដែលបានរីករាលដាលកាត់តាមខេត្ត Almeria ភាគអាគ្នេយ៍នៃប្រទេសអេស្ប៉ាញ កាលពីថ្ងៃព្រហស្បតិ៍ ដែលការណ៍នេះបានធ្វើឱ្យចំនួនអ្នកស្លាប់សរុបកើនឡើងដល់ ១៣ នាក់។

យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ថា ស្ត្រីវ័យ ៩៣ ឆ្នាំរូបនេះ ស្ថិតក្នុងចំណោមមនុស្ស ៨ នាក់ ដែលត្រូវបានបញ្ជូនទៅមន្ទីរពេទ្យបន្ទាប់ពីមានគ្រោះអគ្គិភ័យ ដោយក្នុងនោះមាន ៤ នាក់បានរងរបួសធ្ងន់ធ្ងរ។

រដ្ឋាភិបាលក្នុងតំបន់ Andalusia បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ស្ត្រីរូបនោះដែលមានជំងឺប្រចាំកាយស្រាប់ ត្រូវបានបញ្ជូនទៅកាន់បន្ទប់សង្គ្រោះបន្ទាន់កាលពីព្រលឹមស្រាងៗថ្ងៃសុក្រ ជាមួយនឹងរបួសរលាកពេញរាងកាយចំនួន ២០ ភាគរយ។

ប្រធានផ្នែកសង្គ្រោះបន្ទាន់ប្រចាំតំបន់ លោក Antonio Sanz បានសម្តែងការចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំចំពោះក្រុមគ្រួសាររបស់ស្ត្រីរូបនោះ និងអ្នកដទៃទៀតដែលបានបាត់បង់ជីវិតនៅក្នុងគ្រោះអគ្គិភ័យឆាបឆេះព្រៃដ៏កាចសាហាវបំផុតមួយមិនធ្លាប់មាននៅក្នុងប្រទេសអេស្ប៉ាញ ដែលបានដុតបំផ្លាញផ្ទៃដីអស់ជាង ៧,០០០ ហិកតា នៅក្នុងក្រុង Los Gallardos។

អង្គភាពទិន្នន័យសេវាកម្មកោសល្យវិច័យរបស់ប្រទេសអេស្ប៉ាញ (CID) បាននិយាយកាលពីយប់ថ្ងៃអាទិត្យថា មនុស្សពីរនាក់បន្ថែមទៀតត្រូវបានរាយការណ៍ថាបាត់ខ្លួន បន្ទាប់ពីអង្គភាពនេះបានចាប់ផ្តើមធ្វើការជាមួយអាជ្ញាធរនៅក្នុងប្រទេសបារាំង ចក្រភពអង់គ្លេស និងប៊ែលហ្សិក ដើម្បីចុះបញ្ជីករណីរបស់ពួកគេជាផ្លូវការ ដែលធ្វើឱ្យចំនួនអ្នកបាត់ខ្លួនសរុបកើនឡើងដល់ ១០ នាក់។
ប្រែសម្រួលៈ ណៃ តុលា

To Top