ព័ត៌មានអន្តរជាតិ

លោក ត្រាំ និយាយថា សហរដ្ឋអាមេរិកនឹងវាយកម្ទេចភ្នំ Pickaxe នៅក្នុងប្រទេសអ៊ីរ៉ង់

បរទេស៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃច័ន្ទបានថ្លែងថា សហរដ្ឋអាមេរិកនឹង «កម្ទេចភ្នំ Pickaxe» នៅក្នុងប្រទេសអ៊ីរ៉ង់ ព្រមទាំងបានព្រមានថា ទីក្រុងវ៉ាស៊ីនតោននឹងបន្តវាយប្រហារប្រទេសនេះយ៉ាងចាស់ដៃ។

យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ថា លោក ត្រាំ បានមានប្រសាសន៍នៅក្នុងកិច្ចសម្ភាសន៍មួយក្នុងកម្មវិធី Hugh Hewitt Show ថា៖ «យើងនឹងកម្ទេចភ្នំ Pickaxe។ ចូរប្រាប់ពួកអ៊ីរ៉ង់ឱ្យត្រៀមខ្លួនឱ្យហើយទៅ»។

លោក ត្រាំ បានបន្តថា៖ «យើងកំពុងតាមដាន (ភ្នំ Pickaxe) យ៉ាងដិតដល់។ យើងមិនឃើញមានសកម្មភាពណាមួយនៅទីនោះទេ។ ស្ថានភាពនុយក្លេអ៊ែររបស់ពួកគេមិនសូវល្អឡើយ។ រាល់ពេលដែលយើងឮដំណឹងពីវា យើងនឹងកម្ទេចវាចោល។ ដូច្នេះហើយ ទើបពួកគេមិនចូលចិត្តនិយាយពីវា។ ប៉ុន្តែយើងប្រហែលជាអាចនឹងវាយប្រហារភ្នំ Pickaxe ក្នុងពេលឆាប់ៗខាងមុខនេះ»។

ភ្នំ Pickaxe ដែលមានទីតាំងស្ថិតនៅជិតរោងចក្រចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម Natanz ដែលបានរងការខូចខាតយ៉ាងធ្ងន់ធ្ងររបស់អ៊ីរ៉ង់នោះ គឺជាទីតាំងការពារយ៉ាងរឹងមាំបំផុតមួយ ដែលមានបណ្តាញផ្លូវរូងក្រោមដីយ៉ាងជ្រៅចំនួនពីរ ដែលក្រុមអ្នកជំនាញវាយតម្លៃថា វាស្ថិតនៅហួសពីសមត្ថភាពបំផ្លិចបំផ្លាញ នៃគ្រាប់បែកទម្លុះលេណដ្ឋានក្រោមដី (bunker buster) ដ៏មានឥទ្ធិពលបំផុតនៅក្នុងឃ្លាំង អាវុធរបស់សហរដ្ឋអាមេរិក។

កាលពីព្រឹកថ្ងៃច័ន្ទ លោក ត្រាំ ក៏បានថ្លែងផងដែរថា សហរដ្ឋអាមេរិកកំពុងដាក់ដំណើរការឡើងវិញ នូវការបិទខ្ទប់ការដឹកជញ្ជូនតាមកប៉ាល់របស់អ៊ីរ៉ង់ នៅក្នុងតំបន់ឈូងសមុទ្រ ហើយនឹងធានាថា ច្រកសមុទ្រហរមូស (Hormuz) នៅតែបន្តបើកចំហ ដោយមានការបង់ថ្លៃសេវា បន្ទាប់ពីភាគីទាំងពីរបានវាយប្រហារគ្នាទៅវិញទៅមកតាមរយៈមីស៊ីល និងដ្រូនបន្ថែមទៀត។
ប្រែសម្រួលៈ ណៃ តុលា

To Top