ព័ត៌មានអន្តរជាតិ

តម្លៃប្រេងឡើង ដល់កម្រិតខ្ពស់បំផុត ក្នុងរយៈពេលមួយខែមកនេះ ខណៈសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បង្កើនការវាយប្រហារ នៅច្រកសមុទ្រហ័រមូស

បរទេស៖ តម្លៃប្រេងបានកើនឡើង ២% កាលពីថ្ងៃអង្គារ ដល់កម្រិតខ្ពស់បំផុត ក្នុងរយៈពេលបួនសប្តាហ៍ ខណៈពេលដែលសហរដ្ឋអាមេរិក បានដាក់ការបិទផ្លូវទឹកយោធាជើងទឹក លើប្រទេសអ៊ីរ៉ង់ឡើងវិញ។ ទន្ទឹមនឹងនេះ ប្រទេសទាំងពីរបានបង្កើនការវាយប្រហារដាក់គ្នានៅក្នុងច្រកសមុទ្រ ហ័រមូស ដែលធ្វើឱ្យកើនឡើង នូវភាពមិនប្រាកដប្រជាជុំវិញលំហូរថាមពលសកល ។
 
យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ថា តម្លៃប្រេងឆៅ Brent បានកើនឡើង ១.៦៨ ដុល្លារ ឬ ២% ដល់ ៨៤.៩៨ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅ West Texas Intermediate (WTI) របស់អាមេរិក បានកើនឡើង ១.៦៥ ដុល្លារ ឬ ២.១% ដល់ ៧៩.៧queue៩ ដុល្លារក្នុងមួយបារ៉ែល។
 
បច្ចុប្បន្ន តម្លៃប្រេងបានឈានដល់កម្រិតខ្ពស់បំផុត ចាប់តាំងពីប្រទេសទាំងពីរបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីបញ្ចប់សង្គ្រាមកាលពីថ្ងៃទី១៧ ខែមិថុនា។
 
ក្រសួងការពារជាតិនៃប្រទេសអេមីរ៉ាតអារ៉ាប់រួម (UAE) បានថ្លែងកាលពីថ្ងៃចន្ទថា នាវាដឹកប្រេងរបស់អេមីរ៉ាតអារ៉ាប់រួមចំនួនពីរគ្រឿង ត្រូវបានវាយប្រហារដោយកាំជ្រួចគ្រូស (cruise missiles) របស់អ៊ីរ៉ង់ចំនួនពីរគ្រាប់ នៅក្នុងគន្លងផ្លូវទឹកខាងត្បូងនៃច្រកសមុទ្រ Hormuz ដែលស្ថិតក្នុងដែនទឹកទឹកដីនៃប្រទេសអូម៉ង់។ ការវាយប្រហារនេះបានសម្លាប់សមាជិកនាវិកជនជាតិឥណ្ឌាម្នាក់ និងបណ្តាលឱ្យប្រាំបីនាក់ផ្សេងទៀតរងរបួស។
 
ទន្ទឹមនឹងនេះដែរ ប្រធានាធិបតី សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានប្រាប់ក្រុមអ្នកយកព័ត៌មានថា សហរដ្ឋអាមេរិក បានស្តារការបិទផ្លូវ ដឹកជញ្ជូនរបស់អ៊ីរ៉ង់ឡើងវិញ។ លោកបានបន្ថែមទៀតថា លោកចង់ឱ្យសហរដ្ឋអាមេរិកទទួលបានការទូទាត់សងត្រឡប់មកវិញ ចំពោះការការពារបណ្តាប្រទេសនានា ដែលអាមេរិកបានជួយនៅក្នុងតំបន់ច្រកសមុទ្រ Hormuz នោះ។
ប្រែសម្រួលៈ ណៃ តុលា 

To Top