នាយកប្រតិបត្តិក្រុមហ៊ុនផលិត រថយន្តធំបំផុតប្រចាំតំបន់អឺរ៉ុប Volkswagen បង្ហើបប្រាប់បុគ្គលិកពីការកាត់បន្ថយការងារបន្ថែម ៥០.០០០ កន្លែង ចំពេលមានការរឹតបន្តឹងការចំណាយ
បរទេស៖ ក្រុមហ៊ុន Volkswagen អាចនឹងត្រូវកាត់បន្ថយការងារបន្ថែមប្រមាណ ៥០.០០០ កន្លែង ដើម្បីអាចប្រកួតប្រជែងជាមួយក្រុមហ៊ុនគូប្រជែង នៅក្នុងទីផ្សាររថយន្ត ដែលកំពុងតែមានការប្រកួតប្រជែងយ៉ាងស្វិតស្វាញ។ នេះបើយោងតាមការលើកឡើងរបស់នាយកប្រតិបត្តិ (CEO) ក្រុមហ៊ុននេះ ទៅកាន់បុគ្គលិក នៅក្នុងអនុស្សរណៈផ្ទៃក្នុងមួយ ដែលវាបានបញ្ជាក់ជាផ្លូវការជាលើកដំបូងថា ក្រុមហ៊ុនផលិតរថយន្តមួយនេះ កំពុងស្វែងរកការកាត់បន្ថយមុខ តំណែងការងាររហូតដល់ ១០០.០០០ កន្លែង។
យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយកាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ថា លោក Oliver Blume នាយកប្រតិបត្តិក្រុមហ៊ុន កំពុងតែខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការរៀបចំរចនាសម្ព័ន្ធរបស់ក្រុមហ៊ុនផលិតរថយន្តធំបំផុតប្រចាំតំបន់អឺរ៉ុបមួយនេះឱ្យមានភាពរលូន ខណៈដែលប្រាក់ចំណេញរបស់ក្រុមហ៊ុនបានធ្លាក់ចុះ ដោយសារតែត្រូវប្រឈមមុខនឹងការចំណាយលើពន្ធគយរាប់ពាន់លានអឺរ៉ូ ការប្រកួតប្រជែងយ៉ាងខ្លាំងក្លានៅក្នុងប្រទេសចិន និងសម្ពាធលើបណ្តាញផលិតកម្មរបស់ខ្លួននៅក្នុងប្រទេសអាល្លឺម៉ង់ ដើម្បីធ្វើឱ្យមានប្រសិទ្ធភាពជាងមុន។
បន្ទាប់ពីបានព្រមព្រៀងកាត់បន្ថយការងារចំនួន ៥០,០០០ កន្លែងរួចរាល់ហើយនៅទូទាំងសម្ព័ន្ធក្រុមហ៊ុន រួមទាំងក្រុមហ៊ុនបុត្រសម្ព័ន្ធ Porsche និង Audi ផងនោះ ក្រុមហ៊ុនត្រូវតែបន្តកាត់បន្ថយការចំណាយបន្ថែមទៀត បន្ទាប់ពីបានគណនាឃើញថា ក្រុមហ៊ុនមានគុណវិបត្តិផ្នែកថ្លៃដើម (ចំណាយខ្ពស់ជាង) ២០% បើប្រៀបធៀបទៅនឹងក្រុមហ៊ុនដទៃដែលមានលក្ខណៈប្រហាក់ប្រហែលគ្នា។ នេះបើយោងតាមសម្តីរបស់លោក Blume នៅក្នុងអនុស្សរណៈដែលទីភ្នាក់ងារសារព័ត៌មាន រ៉យទ័រ ទទួលបាន។
អនុស្សរណៈដដែលនោះបានបញ្ជាក់ថា នេះមានន័យថាជា «ការកាត់កងតាមទ្រឹស្តី» នៃចំនួនការងារចំនួន ៥០,០០០ កន្លែងផ្សេងទៀតនៅទូទាំងពិភពលោក។
លោក Blume បានលើកឡើងនៅក្នុងឯកសារនោះថា៖ «បច្ចុប្បន្ន យើងកំពុងវាយតម្លៃលើគ្រប់ម៉ាកយីហោ ក្រុមហ៊ុន និងតំបន់ទាំងអស់ ដើម្បីដឹងថាតើការកែសម្រួលចំនួនប៉ុន្មាន ដែលចាំបាច់ និងអាចធ្វើទៅបានជាក់ស្តែង»។
ប្រែសម្រួលៈ ណៃ តុលា









