អារ៉ាប់រួមនិយាយថា មីស៊ីលអ៊ីរ៉ង់បានវាយប្រហារនាវា ដឹកប្រេងនៅច្រកសមុទ្រ Hormuz បណ្តាលឲ្យនាវិកម្នាក់ស្លាប់ និងរបួស៨នាក់
បរទេស៖ សមាជិកនាវិកឥណ្ឌាម្នាក់ ត្រូវបានសម្លាប់ និងប្រាំបីនាក់ផ្សេងទៀតបានរងរបួស នៅពេលដែលនាវាដឹកប្រេង របស់ប្រទេសអេមីរ៉ាតអារ៉ាប់រួមពីរគ្រឿងត្រូវបានវាយប្រហារ ដោយមីស៊ីលបញ្ជារបស់អ៊ីរ៉ង់នៅក្នុងច្រកសមុទ្រហ័រមូស។ នេះបើយោងតាមក្រសួងការពារជាតិអេមីរ៉ាតអារ៉ាប់រួម បាននិយាយនៅថ្ងៃអង្គារ ដែលជាការកើនឡើងភាពតានតឹងចុង ក្រោយបំផុតនៅក្នុងផ្លូវទឹកយុទ្ធសាស្ត្រ។
យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ថា ក្រសួងការពារជាតិអេមីរ៉ាតអារ៉ាប់រួមបាននិយាយថា នាវាដឹកប្រេងគឺ Mombasa និង Al Bahiyah ត្រូវបានកំណត់គោលដៅនៅក្នុងផ្លូវភាគខាងត្បូងនៃច្រកសមុទ្រ ខណៈពេលដែលស្ថិតនៅក្នុងដែនទឹកអូម៉ង់។ ក្រសួងបាននិយាយថា សមាជិកនាវិកដែលបានស្លាប់គឺនៅលើនាវា Mombasa។
ក្នុងចំណោមអ្នករងរបួសទាំងប្រាំបីនាក់ មានបួននាក់រងរបួសធ្ងន់ធ្ងរ។ អ្នករងរបួសប្រាំមួយនាក់ជាជនជាតិឥណ្ឌា និងពីរនាក់ជាជនជាតិអ៊ុយក្រែន , នេះបើតាមក្រសួងការពារជាតិអេមីរ៉ាតអារ៉ាប់រួម។
ការវាយប្រហារនេះបានបណ្តាលឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរដល់នាវាដឹកប្រេងទាំងពីរគ្រឿង បន្ទាប់ពីអគ្គីភ័យបានផ្ទុះឡើងនៅលើនាវា។ ក្រសួងបាននិយាយថា អគ្គីភ័យត្រូវបានគ្រប់គ្រងរួចរាល់ហើយ។
ក្រសួងការពារជាតិអេមីរ៉ាតអារ៉ាប់រួមក៏បានថ្កោលទោសអ្វីដែលខ្លួនហៅថា “ការវាយប្រហារដោយចេតនា” ហើយបាននិយាយថា អេមីរ៉ាតអារ៉ាប់រួម រក្សា “សិទ្ធិពេញលេញរបស់ខ្លួនក្នុងការឆ្លើយតបទៅនឹងការកើនឡើងនេះ”។









