កងនាវាចម្បាំង របស់ប្រទេសរុស្ស៊ី និងប្រទេសចិន រួមគ្នាធ្វើសមយុទ្ធបាញ់គ្រាប់ពិត នៅក្នុងសមុទ្រលឿង
បរទេស ៖ កងនាវាចម្បាំង របស់ប្រទេសរុស្ស៊ី និងប្រទេសចិន បានរួមគ្នាធ្វើសមយុទ្ធបាញ់គ្រាប់ពិតនៅក្នុងសមុទ្រលឿង (Yellow Sea) ដែលជាផ្នែកមួយ នៃសមយុទ្ធកងទ័ពជើងទឹករួមប្រចាំឆ្នាំ «Joint Sea»។ នេះបើយោងតាមការប្រកាសរបស់កងនាវាចរប៉ាស៊ីហ្វិករុស្ស៊ី កាលពីថ្ងៃចន្ទ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ថា ដំណាក់កាលធ្វើសមយុទ្ធនៅលើផ្ទៃសមុទ្រនេះ មានការចូលរួមពីនាវាចរ នៃកងនាវាចរប៉ាស៊ីហ្វិករុស្ស៊ី និងកងទ័ពជើងទឹកនៃកងទ័ពរំដោះប្រជាជនចិន។ ក្រុមនាវិកបានហ្វឹកហាត់រួមគ្នា លើការទប់ទល់នឹងការគំរាមកំហែងនានាក្នុងសម័យទំនើប រួមទាំងការសាកល្បងការពារខ្លួនពីការវាយប្រហារដោយដ្រូន (Drones) និងទូកគ្មានមនុស្សបើកផងដែរ ។
ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ នាវាចរមកពីកងកម្លាំងចម្រុះរួមគ្នា ដែលរួមមានទាំងនាវាផ្ទុកមីស៊ីលនាំផ្លូវ នាវាមុជទឹក នាវាចម្បាំង (Destroyers) និងនាវាជួយសង្គ្រោះ បានប្រើប្រាស់កាំភ្លើងធំធុនធ្ងន់ និង កាំភ្លើងយន្តនៅលើនាវា ដើម្បីវាយបកទៅលើការវាយប្រហារ សាកល្បងពីសំណាក់ប្រព័ន្ធយន្តហោះ និងទូកគ្មានមនុស្សបើក ។ លើសពីនេះ ប្រព័ន្ធសង្គ្រាមអេឡិចត្រូនិចក៏ត្រូវបានយកមកប្រើប្រាស់ ដើម្បីទប់ស្កាត់ការវាយប្រហារទ្រង់ទ្រាយធំដែលត្រូវបានបង្កើតឡើង ក្នុងវគ្គហ្វឹកហាត់នោះផងដែរ។
បើតាមការបញ្ជាក់ពីកងនាវាចរប៉ាស៊ីហ្វិក ក្រុមនាវិកក៏បានហ្វឹកហាត់រួមគ្នាលើការបើកបរជំនាញ យុទ្ធសាស្ត្ររួមគ្នា សង្គ្រាមប្រឆាំងនាវាមុជទឹក ការវាយប្រហារលើនាវាសត្រូវ ព្រមទាំងប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះថែមទៀតផង។









