អ៊ីរ៉ង់ វាយប្រហារមូលដ្ឋានទ័ពអាមេរិកនៅបារ៉ែន ហ្ស៊កដានី និងគុយវ៉ែត ទុកជាការសងសឹក
តេអេរ៉ង់៖ កងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់ បានឧ្យដឹងថា ពួកគេបានវាយប្រហារដោយមីស៊ីល និងយន្តហោះគ្មានមនុស្សបើកលើមូលដ្ឋានទ័ពអាមេរិកនៅបារ៉ែន ហ្ស៊កដានី និងគុយវ៉ែត ដើម្បីឆ្លើយតបទៅនឹងការវាយប្រហារថ្មីរបស់អាមេរិក លើភាគខាងត្បូងអ៊ីរ៉ង់។
នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលចេញផ្សាយដោយ Sepah News ផ្លូវការរបស់ខ្លួន កងឆ្មាំបដិវត្តន៍អ៊ីស្លាម (IRGC) បានឧ្យដឹងថា សហរដ្ឋអាមេរិក បានធ្វើការវាយប្រហារតាមអាកាសពេញមួយយប់លើទីតាំងឆ្នេរសមុទ្រ និងទីតាំងយោធាជាច្រើននៅភាគខាងត្បូងអ៊ីរ៉ង់ បន្ទាប់ពីអ្វីដែលខ្លួនពិពណ៌នាថាជា “ការបរាជ័យ” របស់ទីក្រុងវ៉ាស៊ីនតោន នៅយប់ថ្ងៃច័ន្ទនៅក្នុងច្រកសមុទ្រហ័រមូស។
នៅក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយ IRGC បានចោទប្រកាន់យោធាអាមេរិកថាបានព្យាយាមអមដំណើរនាវាជាច្រើនគ្រឿងឆ្លងកាត់ផ្លូវ “ខុសច្បាប់” នៅច្រកសមុទ្រហ័រមូស។
ប្រភពបានឧ្យដឹងថា នាវាដឹកប្រេងធំពីរគ្រឿងដែលត្រូវបានចោទប្រកាន់ថា បានបិទប្រព័ន្ធរុករករបស់ពួកគេ មិនអើពើនឹងការព្រមានរបស់អ៊ីរ៉ង់ម្តងហើយម្តងទៀត និងចូលទៅក្នុងផ្លូវមីនត្រូវបានវាយប្រហារ។
IRGC បានឧ្យដឹងថា កងកម្លាំងជើងទឹក និងអវកាសរបស់ខ្លួនបានកំណត់គោលដៅទៅលើមូលដ្ឋានទ័ពអាកាស Juffair របស់យោធាអាមេរិក និងទីស្នាក់ការកណ្តាលកងនាវាចរទី៥ របស់សហរដ្ឋអាមេរិកនៅក្នុងប្រទេសបារ៉ែន ហើយបានវាយប្រហារឃ្លាំងអាវុធ កន្លែងផ្ទុកប្រេងឥន្ធនៈ ប្រព័ន្ធទំនាក់ទំនង និងរ៉ាដា កន្លែងស្នាក់នៅរបស់កងទ័ព និងមជ្ឈមណ្ឌលបញ្ជាសម្រាប់នាវាគ្មានមនុស្សបើក។
ប្រភពក៏បានឧ្យដឹងផងដែរថា មីស៊ីលបាលីស្ទីកបានវាយប្រហារទីតាំងរបស់សហរដ្ឋអាមេរិកនៅមូលដ្ឋានទ័ពអាកាសមួយក្នុងប្រទេសហ្ស៊កដានី ដែលធ្លាប់បើកការវាយប្រហារប្រឆាំងនឹងអ៊ីរ៉ង់ ខណៈពេលដែលសង្កត់ធ្ងន់ថា អ៊ីរ៉ង់មិនមានអរិភាព ចំពោះហ្ស៊កដានី ឬប្រជាជនរបស់ខ្លួនឡើយ៕
ប្រែសម្រួល ឈូក បូរ៉ា









