ឥណ្ឌា ថ្កោលទោសការ វាយប្រហារលើនាវា ដែលឆ្លងកាត់ច្រកសមុទ្រហ័រមូស
ញូវដេលី៖ ប្រទេសឥណ្ឌា បានថ្កោលទោសយ៉ាងខ្លាំង ចំពោះការវាយប្រហារលើនាវាពីរគ្រឿងក្នុងអំឡុងពេលធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រហ័រមូស។ នាវាទាំងពីរគ្រឿងគឺ MT Al Bahiyah និង MT Mombasa កំពុងដឹកនាវិកឥណ្ឌា សរុបចំនួន ៣០នាក់ ហើយការវាយប្រហារទាំងនោះ បានសម្លាប់ជនជាតិឥណ្ឌា យ៉ាងហោចណាស់ម្នាក់ និងរបួសធ្ងន់ពីរនាក់ ។
នៅក្នុងសេចក្តីថ្លែងការណ៍ផ្លូវការមួយ ដែលចេញដោយក្រសួងការបរទេស ប្រទេសអាស៊ីខាងត្បូងមួយនេះក៏បានថ្កោលទោស ចំពោះអំពើហិង្សា ដែលកំណត់គោលដៅលើនាវិក និងរំខានដល់ការធ្វើនាវាចរណ៍ដោយសេរី និងសុវត្ថិភាពតាមរយៈផ្លូវទឹកអន្តរជាតិ។
សេចក្តីថ្លែងការណ៍នេះបានឲ្យដឹងថា “យើងក៏បញ្ជាក់ជាថ្មីនូវការព្រួយបារម្ភយ៉ាងខ្លាំងរបស់យើងផងដែរ ដោយសារតែការបន្តការវាយប្រហារ និងការកើនឡើង នៃអរិភាពនៅក្នុងតំបន់អាស៊ីខាងលិច ហើយអំពាវនាវឱ្យបញ្ឈប់អំពើហិង្សាជាបន្ទាន់ និងការវិលត្រឡប់ទៅរកការសន្ទនា និងការទូតវិញ ដើម្បីផលប្រយោជន៍ នៃសន្តិភាព សន្តិសុខ និងស្ថិរភាពនៅក្នុងតំបន់”។
យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួង ការកំណត់គោលដៅលើការដឹកជញ្ជូនពាណិជ្ជកម្ម និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលនៅក្នុងតំបន់ត្រូវតែបញ្ឈប់ ដើម្បីឱ្យការធ្វើនាវាចរណ៍ និងពាណិជ្ជកម្មដោយសេរី និងគ្មានឧបសគ្គតាមរយៈផ្លូវទឹកអន្តរជាតិនៅក្នុងតំបន់ ស្របតាមច្បាប់អន្តរជាតិ អាចត្រូវបានស្តារឡើងវិញឱ្យបានឆាប់បំផុត៕
ប្រែសម្រួល ឈូក បូរ៉ា









