អ៊ីរ៉ង់ បើកការវាយប្រហារលើមូលដ្ឋាន ទ័ពអាមេរិកនៅហ្ស៊កដានី គុយវ៉ែត និងបារ៉ែន ដើម្បីឆ្លើយតបនឹងការបិទច្រក សមុទ្រហ័រមូស
តេអេរ៉ង់៖ អ៊ីរ៉ង់បានឲ្យដឹងថា ខ្លួនបានកំណត់គោលដៅមូលដ្ឋានយោធាអាមេរិកនៅមូលដ្ឋានអាល់អារ៉ាក នៅហ្ស៊កដានី និងបានវាយប្រហារមជ្ឈមណ្ឌលភស្តុភារយោធាអាមេរិកនៅគុយវ៉ែត និងទីស្នាក់ការកណ្តាលកងនាវាចរទី៥ របស់សហរដ្ឋអាមេរិកនៅបារ៉ែន នេះបើយោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយកាលពីថ្ងៃពុធ។ កងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ក៏បានព្រមានផងដែរថា ច្រកសមុទ្រហ័រមូស នឹងនៅតែបិទរហូតដល់ “ទីបញ្ចប់នៃអំពើអាក្រក់របស់អាមេរិក”។
បញ្ជាការកណ្តាលសហរដ្ឋអាមេរិក (CENTCOM) បានឲ្យដឹងថា ខ្លួនបានបញ្ចប់ការវាយប្រហាររយៈពេលប្រាំពីរម៉ោងប្រឆាំងនឹងអ៊ីរ៉ង់ ដោយវាយប្រហារគោលដៅយោធារាប់សិបនៅជិតច្រកសមុទ្រហ័រមូស និងតំបន់ឆ្នេរសមុទ្រអ៊ីរ៉ង់ ប៉ុន្មានម៉ោងបន្ទាប់ពីបន្តការបិទផ្លូវកងទ័ពជើងទឹកនៅក្នុងច្រកសមុទ្រហ័រមូស។
ទីភ្នាក់ងារសារព័ត៌មាន IRNA ផ្លូវការបានរាយការណ៍នៅថ្ងៃពុធនេះថា កងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) បានឲ្យដឹងថា ខ្លួនបានកំណត់គោលដៅលើផ្លូវដាក់ពង្រាយយន្តហោះគ្មានមនុស្សបើក MQ-9 នៅមូលដ្ឋានទ័ពអាកាស Ali Al Salem របស់សហរដ្ឋអាមេរិកក្នុងប្រទេសគុយវ៉ែត ដើម្បីសងសឹកចំពោះការវាយប្រហាររបស់សហរដ្ឋអាមេរិក។
លើសពីនេះ IRGC បានឲ្យដឹងទៀតថា ខ្លួនបានវាយប្រហារមូលដ្ឋានយោធាអាមេរិកនៅមូលដ្ឋាន al-Azraq ក្នុងប្រទេសហ្ស៊កដានី ហើយក៏បានបំផ្លាញមជ្ឈមណ្ឌលបញ្ជា និងត្រួតពិនិត្យ មជ្ឈមណ្ឌលគ្រប់គ្រងការគាំទ្រកងទ័ពជើងទឹក ឃ្លាំង និងធុងប្រេងនៅមូលដ្ឋានកងនាវាទីប្រាំរបស់សហរដ្ឋអាមេរិកក្នុងប្រទេសបារ៉ែន ក្នុងការឆ្លើយតបដ៏ខ្លាំងក្លា កាលពីថ្ងៃពុធនេះ។
ជាការឆ្លើយតប IRGC អ៊ីរ៉ង់បានព្រមានថា ច្រកសមុទ្រហ័រមូស នឹងនៅតែបិទរហូតដល់ “ទីបញ្ចប់នៃអំពើអាក្រក់របស់អាមេរិក”។ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានឲ្យដឹងកាលពីថ្ងៃអង្គារថា សហរដ្ឋអាមេរិក នឹងពង្រីកការវាយប្រហាររបស់ខ្លួនលើអ៊ីរ៉ង់ ដើម្បីកំណត់គោលដៅរោងចក្រថាមពល និងស្ពាននៅសប្តាហ៍ក្រោយ លុះត្រាតែទីក្រុងតេអេរ៉ង់ យល់ព្រមចរចា។
លោក ត្រាំ បានឲ្យដឹងនៅក្នុងបទសម្ភាសន៍ជាមួយ Fox News ថា “សប្តាហ៍ក្រោយ វាពិតជាអាក្រក់ណាស់សម្រាប់ពួកគេ ពីព្រោះសប្តាហ៍ក្រោយនឹងមកដល់រោងចក្រថាមពល ហើយសប្តាហ៍ក្រោយនឹងមកដល់ស្ពាន យើងនឹងវាយកម្ទេចរោងចក្រថាមពលទាំងអស់របស់ពួកគេ។ យើងនឹងវាយកម្ទេចស្ពានទាំងអស់របស់ពួកគេ លុះត្រាតែពួកគេមកដល់តុចរចា”។
ប្រធានាធិបតីអាមេរិករូបនេះ បានបន្ដថា យោធាអ៊ីរ៉ង់ត្រូវបាន “បន្ទាបបន្ថោកដល់កម្រិតទាបបំផុត” បន្ទាប់ពីការវាយប្រហារម្តងហើយម្តងទៀតរបស់សហរដ្ឋអាមេរិក ហើយការវាយប្រហារនឹងបន្ត “រហូតដល់ខ្ញុំនិយាយថា វាគ្រប់គ្រាន់ហើយ”។ ទន្ទឹមនឹងនេះ លោក ត្រាំ បានប្រាប់ Fox News ថា តំណាងរបស់លោកបានទាក់ទងជាមួយមន្ត្រីអ៊ីរ៉ង់ថ្មីៗនេះ។ នៅពេលសួរថា សារអ្វីដែលត្រូវបានផ្ញើទៅកាន់អ៊ីរ៉ង់ លោក ត្រាំ បានថ្លែងថា “អ្នកគួរតែធ្វើកិច្ចព្រមព្រៀង។ អ្នកនឹងមិនមានអ្វីនៅសល់ទេ”៕
ប្រែសម្រួល ឈូក បូរ៉ា









