ព័ត៌មានអន្តរជាតិ

សមាជិកសភាអ៊ីរ៉ង់ ជំរុញមានជំហរម៉ឺងម៉ាត់ លើកិច្ចព្រមព្រៀងសន្តិភាព ដែលអាមេរិកលុបចោលជាឯកតោភាគី

តេអេរ៉ង់៖ សមាជិកសភាអ៊ីរ៉ង់ជាង ១៨០នាក់ នៅក្នុងសភាដែលមានសមាជិក ២៩០នាក់ បានចេញសេចក្តីថ្លែងការណ៍រួមមួយកាលពីថ្ងៃអង្គារ ដោយជំរុញជំហរម៉ឺងម៉ាត់ ចំពោះអ្វីដែលពួកគេហៅថា ចលនារបស់សហរដ្ឋអាមេរិក ដើម្បីបញ្ចប់អនុស្សរណៈនៃការយោគយល់គ្នាសន្តិភាព (MoU) ដែលទើបចុះហត្ថលេខាថ្មីៗនេះ។

ទីភ្នាក់ងារសារព័ត៌មានពាក់កណ្តាលផ្លូវការបានរាយការណ៍ថា សមាជិកសភាបានចុះហត្ថលេខា និងចេញសេចក្តីថ្លែងការណ៍នេះនៅយប់ថ្ងៃចន្ទ នៅក្នុងសម័យប្រជុំបើកចំហលើកដំបូងរបស់សភា ចាប់តាំងពីការចាប់ផ្តើមសង្គ្រាមរវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែលលើអ៊ីរ៉ង់នៅថ្ងៃទី២៨ ខែកុម្ភៈ។ ពួកគេបានអំពាវនាវដល់ក្រុមប្រឹក្សាភិបាលនៃសភា ឲ្យបង្កើតគណៈកម្មាធិការពិសេសមួយ ដើម្បីពិនិត្យឡើងវិញនូវបញ្ហាទាក់ទងនឹងការចរចា និងកិច្ចព្រមព្រៀងជាមួយសហរដ្ឋអាមេរិក។

សមាជិកសភាបានឲ្យដឹងថា សភានឹងផ្តល់អាទិភាពដល់ការពង្រឹង និងការផ្លាស់ប្តូរប្រកបដោយប្រសិទ្ធភាពនៃគោលលទ្ធិការពារជាតិរបស់អ៊ីរ៉ង់ រួមជាមួយនឹងច្បាប់ ដើម្បីអះអាងពីអធិបតេយ្យភាព និងការគ្រប់គ្រងច្រកសមុទ្រហ័រមូសរបស់ប្រទេសអ៊ីរ៉ង់។ ពួកគេក៏បានអំពាវនាវឱ្យមានការសងសឹកចំពោះការធ្វើឃាតអតីតមេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ali Khamenei ដែលត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែល នៅចុងខែកុម្ភៈ។

ការវិវឌ្ឍចុងក្រោយបំផុតបានកើតឡើងបន្ទាប់ពីការប៉ះទង្គិចគ្នាជាច្រើនថ្ងៃរវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក ទោះបីជាមានអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីសន្តិភាពរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ដែលបានចុះហត្ថលេខានៅពាក់កណ្តាលខែមិថុនា ដែលក្រោមអនុស្សរណៈនេះ ភាគីទាំងពីរត្រូវបានគេរំពឹងថានឹងចាប់ផ្តើមការចរចាក្នុងរយៈពេល ៦០ ថ្ងៃឆ្ពោះទៅរកកិច្ចព្រមព្រៀងចុងក្រោយក៏ដោយ។ នៅថ្ងៃពុធ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានអះអាងថា បទឈប់បាញ់ជាមួយអ៊ីរ៉ង់ “ចប់ហើយ” ហើយលោកមិនចង់ដោះស្រាយជាមួយអ៊ីរ៉ង់ ទៀតទេ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top