ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់គំរាមបិទ ច្រករបៀងនាំចេញផ្សេងទៀតទាំងអស់ ដែលផ្តល់ផលប្រយោជន៍ ដល់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តប្រែសម្រួលៈ ណៃ តុលា

បរទេស៖ ប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់ បានរាយការណ៍ថា កងឆ្មាំបដិវត្តន៍ឥស្លាមអ៊ីរ៉ង់ (IRGC) បានគំរាមបិទ «ច្រករបៀងនាំចេញផ្សេងទៀត ទាំងអស់ដែលផ្តល់ផលប្រយោជន៍ដល់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត» បន្ទាប់ពីអ៊ីរ៉ង់បានបិទច្រកសមុទ្រ Hormuz ហើយសហរដ្ឋអាមេរិក បានដាក់ការបិទផ្លូវទឹកឡើងវិញ លើកំពង់ផែនានារបស់អ៊ីរ៉ង់។

យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ថា ទីភ្នាក់ងារសារព័ត៌មានរដ្ឋរបស់អ៊ីរ៉ង់ IRNA បានដកស្រង់សេចក្តីថ្លែងការណ៍របស់កងឆ្មាំ IRGC នៅថ្ងៃពុធថា៖ «ការនាំចេញថាមពលក្នុងតំបន់ គឺត្រូវតែចែករំលែកដោយទាំងអស់គ្នា បើមិនដូច្នោះទេ គឺត្រូវបដិសេធមិនឱ្យមានការនាំចេញទាំងអស់គ្នា»។

ក្រុមអ្នកវិភាគបានលើកឡើងថា អ៊ីរ៉ង់បាននិងកំពុងបង្ហាញសញ្ញាថា ខ្លួនអាចនឹងប្រើប្រាស់សម្ព័ន្ធមិត្តរបស់ខ្លួន គឺក្រុមហ៊ូទី (Houthi) នៅប្រទេសយេម៉ែន ដើម្បីបិទច្រកទ្វារ Bab el-Mandeb ទៅកាន់សមុទ្រក្រហម ដែលជាការបើកសមរភូមិថ្មីមួយប្រឆាំងនឹងទីក្រុងវ៉ាស៊ីនតោន និងធ្វើឱ្យសរសៃឈាមថាមពលដ៏សំខាន់បំផុតចំនួនពីររបស់ពិភពលោកធ្លាក់ក្នុងហានិភ័យ។

ច្រកទ្វារដ៏ចង្អៀតនេះ គឺជាផ្លូវតភ្ជាប់សមុទ្រក្រហមទៅកាន់ឈូងសមុទ្រ Aden ដែលជាកន្លែងដែលការនាំចេញ ប្រេងរបស់អារ៉ាប៊ីសាអូឌីត និងចំណែកដ៏ធំនៃការដឹកជញ្ជូនទំនិញជាសកលត្រូវឆ្លងកាត់។

យោងតាមរបាយការណ៍នៅលើគេហទំព័រ Press TV របស់អ៊ីរ៉ង់ បានឱ្យដឹងថា មន្ត្រីជាន់ខ្ពស់ម្នាក់របស់ក្រុមហ៊ូទី កាលពីថ្ងៃចន្ទបានព្រមានថា ក្រុមរបស់ខ្លួនបានត្រៀមខ្លួនរួចជាស្រេចក្នុងការបិទច្រកសមុទ្រ Bab el-Mandeb ដែលជាចំណាត់ការមួយដែលលោកបាននិយាយថា អាចធ្វើឱ្យតម្លៃប្រេងហក់ឡើងខ្លាំងដល់ ២០០ ដុល្លារក្នុងមួយបារ៉ែល ប្រសិនបើអារ៉ាប៊ីសាអូឌីតនៅតែបន្តវាយប្រហារលើប្រទេសយេម៉ែន។

To Top