ព័ត៌មានអន្តរជាតិ

ក្រោយប្រកាសបាន១ថ្ងៃ លោក ដូណាល់ ត្រាំ ប្រកាសលែងយកថ្លៃ ឆ្លងកាត់ ២០ ភាគរយ លើកប៉ាល់ទាំងឡាយណា ដែលឆ្លងកាត់ច្រកសមុទ្រ Hormuz វិញ

បរទេស៖ ប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ បានដកថយវិញហើយ ចំពោះការអះអាង របស់លោកដែលថា ទីក្រុងវ៉ាស៊ីនតោននឹងហូតយកថ្លៃឆ្លងកាត់ ២០ ភាគរយ លើកប៉ាល់ទាំងឡាយណា ដែលធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Hormuz។

យោងតាមសារព័ត៌មាន AL Jazeera ចេញផ្សាយនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ថា ការកែប្រែជំហរកាលពីថ្ងៃអង្គារនេះ បានធ្វើឡើងតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីលោក ត្រាំ បានប្រកាសពីការ យកថ្លៃ ២០ ភាគរយនេះ ខណៈដែលការប្រយុទ្ធគ្នា រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ នៅតែបន្តកើនឡើងកម្តៅ។

កាលពីពេលនោះ លោក ត្រាំ មិនបានបញ្ចេញព័ត៌មានលម្អិតបន្ថែមណាមួយអំពីការយកថ្លៃឆ្លងកាត់នេះទេ ដោយគ្រាន់តែមានប្រសាសន៍នៅលើបណ្តាញសង្គម Truth Social ថា វានឹងក្លាយជា «ការសងប្រាក់វិញ» សម្រាប់ «រាល់ការចំណាយទាំងឡាយណា ដែលចាំបាច់ ដើម្បីបំពេញភារកិច្ចផ្តល់សុវត្ថិភាព និងសន្តិសុខដល់តំបន់ ដ៏មិនស្ថិតស្ថេរមួយនេះ នៃពិភពលោក»។ រដ្ឋបាលរបស់លោកមិនបានបញ្ជាក់ថា តើខ្លួននឹងធានាឱ្យមានការ ធ្វើដំណើរឆ្លងកាត់ប្រកបដោយសុវត្ថិភាព តាមរបៀបណា នៅក្នុងផ្លូវទឹកអន្តរជាតិ ដែលសហរដ្ឋអាមេរិក មិនបានគ្រប់គ្រងនេះឡើយ។

នៅក្នុងសេចក្តីថ្លែងការណ៍ចុងក្រោយបង្អស់ លោក ត្រាំ បានមានប្រសាសន៍ថា ការយកថ្លៃនេះនឹងត្រូវជំនួសមកវិញដោយ «កិច្ចព្រមព្រៀងពាណិជ្ជកម្ម និងការវិនិយោគ ដែលបណ្តារដ្ឋឈូងសមុទ្រផ្សេងៗនឹងធ្វើឡើងជាមួយសហរដ្ឋអាមេរិក»។
ប្រែសម្រួលៈ ណៃ តុលា

To Top