ព័ត៌មានអន្តរជាតិ

វៀតណាម ស្វែងរកជំនាញ និងបទពិសោធន៍ពីជប៉ុន ដើម្បីធ្វើទំនើបកម្មទីផ្សារ ភាគហ៊ុនរបស់ខ្លួន

បរទេស៖ ក្រសួងហិរញ្ញវត្ថុ (MoF) របស់ប្រទេសវៀតណាម និងទីភ្នាក់ងារសេវាកម្មហិរញ្ញវត្ថុរបស់ជប៉ុន (JFSA) បានពង្រឹងកិច្ចសហប្រតិបត្តិការ លើការអភិវឌ្ឍទីផ្សារដើមទុន ដោយការពិភាក្សាបានផ្តោត លើក្របខ័ណ្ឌបទប្បញ្ញត្តិ សម្រាប់ការច្នៃប្រឌិតហិរញ្ញវត្ថុ មូលនិធិសន្ទស្សន៍បើកចំហ (ETFs) ការត្រួតពិនិត្យបច្ចេកវិទ្យា ហិរញ្ញវត្ថុ (Fintech) និងការអភិវឌ្ឍកម្លាំងពលកម្ម។

យោងតាមសារព័ត៌មាន Vietnam News ចេញផ្សាយនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ថា គណៈប្រតិភូមកពីក្រសួង ហិរញ្ញវត្ថុវៀតណាម ដែលដឹកនាំដោយអនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោក Nguyễn Đức Chi បានជួបពិភាក្សាការងារជាមួយតំណាងទីភ្នាក់ងារ JFSA និងគណៈកម្មការត្រួតពិនិត្យមូលបត្រ និងការដោះដូរពាណិជ្ជកម្ម នៅទីក្រុងតូក្យូ កាលពីថ្ងៃទី ១៤ ខែកក្កដា។

ទស្សនកិច្ចនេះ គឺជាផ្នែកមួយ នៃដំណើរទស្សនកិច្ចការងារ ដ៏ទូលំទូលាយរបស់ក្រសួងហិរញ្ញវត្ថុ និងគណៈកម្មការមូលបត្ររដ្ឋ នៃវៀតណាម (SSC) ទៅកាន់ប្រទេសជប៉ុន និងកូរ៉េខាងត្បូង ដើម្បីសិក្សាពីបទពិសោធន៍ជាក់ស្តែង ក្នុងការអភិវឌ្ឍទីផ្សារដើមទុន ផលិតផលហិរញ្ញវត្ថុថ្មីៗ និងក្របខ័ណ្ឌច្បាប់។

លទ្ធផលដែលទទួលបានពីការសិក្សានេះ នឹងរួមចំណែកដល់ការតាក់តែង សេចក្តីព្រាងច្បាប់វិសោធនកម្មច្បាប់ ស្តីពីមូលបត្ររបស់ប្រទេសវៀតណាម។

To Top