ព័ត៌មានអន្តរជាតិ

អ៊ីស្រាអ៊ែល ឈានមួយជំហានទៀត ក្នុងការព្យាយាមដាក់បញ្ជូល ដែនអធិបតេយ្យរបស់ West Bank មកជាទឹកដីរបស់ខ្លួន

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT អ៊ីស្រាអែលបានអនុម័តទឹក ប្រាក់ប្រមាណជាជាង៤០០លានដុល្លារ
ដើម្បីបង្កើតការតាំងទីលំនៅថ្មី រាប់សិបកន្លែងនៅតំបន់ West Bank ដែលត្រូវបានកាន់កាប់ បើទោះបីជា
មានការថ្កោលទោសអន្តរជាតិចំពោះអ្វីដែលអ្នករិះគន់ ពណ៌នាថាជាការបញ្ចូល ទឹកដីប៉ាឡេស្ទីនយ៉ាងណាក៏ដោយ។

តំបន់ West Bank ដែលត្រូវបានអ៊ីស្រាអែលកាន់កាប់ បានក្នុងសង្គ្រាមប្រាំមួយថ្ងៃឆ្នាំ១៩៦៧ គឺជាជម្រករបស់
ប្រជាជនប៉ាឡេស្ទីនប្រហែល៣លាននាក់ និងជាង៥០ម៉ឺននាក់អ្នកដែលតាំងលំនៅអ៊ីស្រាអែលរួមជាមួយនឹងយេរូសាឡឹម
ខាងកើត និងហ្កាហ្សា ហើយវាត្រូវបានគេមើលឃើញថានឹងក្លាយទៅជាស្នូលនៃរដ្ឋប៉ាឡេស្ទីននាពេលអនាគត ក្រោមដំណោះ ស្រាយរដ្ឋពីរដែលគាំទ្រដោយអន្តរជាតិ។

រដ្ឋាភិបាលអ៊ីស្រាអែល បាននិយាយ កាលពីថ្ងៃអង្គារថា គណៈរដ្ឋមន្ត្រីសន្តិសុខ បានបែងចែកប្រាក់ ចំនួន៤៣១លានដុល្លារដើម្បីបង្កើតការតាំងទីលំនៅថ្មីចំនួន៣៤នៅតំបន់ West Bank ។ ការសម្រេចចិត្តនេះត្រូវបានប្រកាសដោយរដ្ឋមន្ត្រីហិរញ្ញវត្ថុ លោក Bezalel Smotrich ដែលជាអ្នកតាំងលំនៅនៅ West Bank ដែលមើលការខុសត្រូវលើ កិច្ចការស៊ីវិលនៅក្នុង ទឹកដី ហើយបានសន្យាថានឹងទប់ស្កាត់ ការបង្កើតរដ្ឋប៉ាឡេស្ទីនទៀតផង។

អ៊ីស្រាអែលបានហៅការសម្រេចចិត្តនេះថា “ជាប្រវត្តិសាស្ត្រ” និង “ថ្ងៃនៃការប្រារព្ធពិធីសម្រាប់អ៊ីស្រាអែល និងការតាំងទីលំនៅ” Smotrich ដោយបាននិយាយថា ទឹកប្រាក់នេះនឹងត្រូវបែងចែក ក្នុងពេលឆាប់ៗនេះ ដើម្បីសាងសង់ផ្លូវបម្រើសហគមន៍ថ្មី៕

ប្រែសម្រួល៖ស៊ុនលី

To Top