លោក ដូណាល់ ត្រាំ អះអាងថា អ៊ីរ៉ង់ បានដោះលែងពលរដ្ឋអាមេរិកម្នាក់ ដែលត្រូវបានឃុំខ្លួនតាំងពីឆ្នាំ២០២៤
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានឲ្យដឹងថា អ៊ីរ៉ង់បានអនុញ្ញាតឱ្យពលរដ្ឋអាមេរិកម្នាក់ ដែលត្រូវបានឃុំខ្លួនក្នុងខែធ្នូ ឆ្នាំ២០២៤ ចាកចេញពីប្រទេស។ លោក ត្រាំ បានឲ្យដឹងនៅលើបណ្ដាញ Truth Social របស់លោកថា “ឥឡូវនេះនាងមានសុវត្ថិភាពនៅខាងក្រៅប្រទេសអ៊ីរ៉ង់ ហើយស្ថិតក្នុងស្ថានភាពល្អ។ សហរដ្ឋអាមេរិកពេញចិត្ត ចំពោះកាយវិការសុច្ឆន្ទៈនេះរបស់អ៊ីរ៉ង់!”។
ពលរដ្ឋអាមេរិករូបនេះ ដែលក្រោយមកត្រូវបានគេស្គាល់ថាឈ្មោះ Dena Karari ត្រូវបានជាប់គាំងនៅក្នុងប្រទេសអ៊ីរ៉ង់ ចាប់តាំងពីខែធ្នូ ឆ្នាំ២០២៤ ពីបទចោទប្រកាន់មិនពិត ហើយឥឡូវនេះមានសុវត្ថិភាព និងកំពុងធ្វើដំណើរត្រឡប់ទៅសហរដ្ឋអាមេរិកវិញ នេះបើយោងតាមមេធាវី Jared Genser។
ការប្រកាសរបស់លោក ត្រាំ ធ្វើឡើងបន្ទាប់ពីភាពតានតឹងកាន់តែខ្លាំងឡើងរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ។ សហរដ្ឋអាមេរិក បានចាប់ផ្តើមការវាយប្រហារជុំទីពីរប្រឆាំងនឹងអ៊ីរ៉ង់នៅយប់ថ្ងៃពុធ ដោយកំណត់គោលដៅលើសមត្ថភាពយោធាអ៊ីរ៉ង់ ដែលប្រើ ដើម្បីគំរាមកំហែងដល់នាវា ដែលធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រហ័រមូស ដោយសេរី នេះបើយោងតាមការចុះផ្សាយ បញ្ជាការកណ្តាលសហរដ្ឋអាមេរិក។
នៅថ្ងៃពុធ បញ្ជាការកណ្ដាលអាមេរិកបានឲ្យដឹងថា ខ្លួនបានបាញ់គ្រាប់រំសេវជាក់លាក់ប្រឆាំងនឹងប្រព័ន្ធការពារឆ្នេរសមុទ្រ និងកន្លែងផ្ទុក និងបាញ់បង្ហោះមីស៊ីលផ្លោងនៅលើកោះ Greater Tunb។ ក្រសួងសុខាភិបាលអ៊ីរ៉ង់បានឲ្យដឹងនៅថ្ងៃពុធថា ការវាយប្រហារថ្មីៗរបស់សហរដ្ឋអាមេរិក ទៅលើខេត្តភាគខាងត្បូងអ៊ីរ៉ង់ បានសម្លាប់មនុស្ស ៣៥ នាក់ និងរបួសជាង ៣០០ នាក់ផ្សេងទៀត៕
ប្រែសម្រួល ឈូក បូរ៉ា









